Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្តលោក ហ៊ុន ម៉ានី ចុះសំណេះសំណាល និងផ្ដល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជិត៣០០គ្រួសារ នៅស្រុកស្រែអំបិល ខេត្ដកោះកុង​

21-09-2018 11:29

(កោះកុង)៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាជាតិ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្ដល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន២៩៩គ្រួសារ នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង​។

ពិធីសំណេះសំណាល និងផ្ដល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ខាងលើនេះ បានរៀបចំធ្វើឡើង នៅក្នុងបរិវេណសាលាបឋមសិក្សាឈើទាលភ្លោះ ស្ថិតក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំសេចក្ដីនឹករឮក និងសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរ តែងតែគិតគួរពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច។ លោក ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមលោកជាកូនខ្មែរ១រូប សូមចូលរួមសោកស្ដាយ ចំពោះគ្រោះធម្មជាតិ ដែលកើតឡើងចៀសមិនផុត ហើយបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងផលដំណាំរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយត្ន័ខ្ពស់ ក្នុងរដូវទឹកទឹកឡើងនេះ ជាពិសេសក្មេងតូចៗ មើលថែឲ្យបានត្រឹមត្រូវ ប្រយ័ត្នក្មេងៗធ្លាក់ទឹក និងលេងទឹកអាច បណ្ដាលឲ្យមានគ្រោះថ្នាក់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ចំនួន២៩៩គ្រួសារ នៅភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង ខាងលើនេះ ក្នុង១គ្រួសារៗ ទទួលបានអំណោយរួមមាន៖ អង្ករចំនួន២០គីឡូក្រាម មី១កេស និងត្រីខ ៧កំប៉ុង៕