(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបានរៀបការតាមប្រពៃណី អស់រយៈពេល១៣ឆ្នាំ រួមរស់ជាមួយប្តី និងកូនស្រីប្រុស២នាក់ហើយនោះ បានលួចមានទំនាក់ទំនងទំនង ជាមួយប្រុសថ្មី រហូតឈានដល់ស៉ីជម្រៅ និងលួចរួមមេត្រីភាព ជាមួយបុរសដែលជាសាហាយស្មន់នោះ រហូតជាងមួយខែត្រូវបានបែកការណ៍។ បុរសជាប្តីតាមទាន់ និងប្តឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅ១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍ឃាត់ខ្លួន ដោយទារសំណង៤ពាន់ដុល្លារអាមេរិក។
ហេតុការណ៍មួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅម្តុំផ្សារទួលពង្រភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលបានឲ្យដឹងថា ស្រ្តីជាប្រពន្ធរូបនោះឈ្មោះ ន.ស.ណ អាយុ៣២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយឡែក ប្រុសសាហាយឈ្មោះ យឹម ចាន់វណ្ណៈ អាយុ៣២ឆ្នាំ ស្នាក់នៅបុរីសន្ដិភាព២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកបុរសដែលជាស្វាមី សូមមិនបញ្ចេញឈ្មោះ និងមានកូន២នាក់ ក្នុងនោះមានកូនស្រីអាយុ១២ឆ្នាំម្នាក់ និងកូនប្រុសអាយុ៨ឆ្នាំម្នាក់។
តាមបុរសជាប្ដីបានរៀបរាប់ថា រូបគាត់និងប្រពន្ធ បានរៀបការតាមផ្លូវច្បាប់ ដោយមានចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ហើយបានបានរួមរស់ជាមួយគ្នា អស់រយៈពេលជាង១៣ឆ្នាំមកហើយ។ ចំណងអាពាហ៍ពិពាហ៍នេះ មានកូនប្រុសស្រី២នាក់ តែកន្លងមកថ្មីៗនេះ ពោលគឺទើបរយៈពេលជាង១ខែ ប្រពន្ធរបស់គាត់ បានមានទំនាក់ទំនងជាមួយប្រុសថ្មី រហូតឈានដល់ការលួចរួមមេត្រីភាព ស៉ីជម្រៅជាមួយគ្នា ជាច្រើនលើកទៀតផង។
បុរសជាប្តីបានបន្តទៀតថា ស្រ្តីដែលជាប្រពន្ធរូបនោះ ហ៊ានចុះចេញពីផ្ទះ អស់រយៈពេលជិតកន្លះខែ។ ដោយបាត់ប្រពន្ធជាច្រើនថ្ងៃ គ្មានដំណឹងទើបគាត់សម្រេចចិត្ត ដាក់ពាក្យបណ្តឹងបាត់ប្រពន្ធ នៅប៉ុស្តិ៍នគរបាលសង្កាត់ពងទឹក ឲ្យជួយតាមរកប្រពន្ធរបស់គាត់ និងបានពិភាក្សាជាមួយឪពុកក្មេក ឲ្យដើររករហូតសព្វកន្លែង។
លោកបន្តថា ការដើររកនេះ បន្តរហូតបានឃើញស្រ្តី ដែលជាប្រពន្ធរបស់ខ្លួន ដោយផ្ទាល់ភ្នែកជាក់ស្តែងកំពុងឌុបគ្នាជាមួយបុរសសាហាយស្មន់ តាមផ្លូវបេតុងក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ទប់អារម្មណ៍មិនបាន ប្តីក៏បានប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ១ ឲ្យជួយឃាត់ និងអន្តរាគមន៍ភ្លាមផង ដោយទារសំណងចំនួន៤ពាន់ដុល្លារ ដើម្បីចិញ្ចឹមកូន រួមប្រគល់ប្រពន្ធឲ្យ ទៅរួមរស់ជាបុរសដែលជាសាហាយស្មាន់ នោះតែម្តងទៅ។
ដោយសារបុរសរងគ្រោះជាស្វាមី បានដាក់ពាក្យបណ្តឹង ប៉ុស្តិ៍នគរបាលសង្កាត់ពងទឹក ខណ្ឌដង្កោ ទើបនគរបាលប៉ុស្តិ៍ចោម ចៅ១ បានប្រគល់ករណីសាហាយស្មន់នេះ ឲ្យទៅនគរបាលប៉ុស្តិ៍សង្កាត់ពងទឹក ខណ្ឌដង្កោ ចាត់ការទៅតាមនីតិវិធី៕