(កំពង់ចាម)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានក្រើនរំលឹកដល់មន្រ្តី អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ នៅទូទាំងស្រុកកំពង់សៀម ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។
ការក្រើនរំលឹកបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន និងលោកស្រី ម៉ក់ ស៊ីថា អញ្ជើញចូលរួម ក្នុងពិធីបុណ្យផ្កាសាមគ្គី និងបញ្ចុះបឋមសិលាកសាងមហាកុដិ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ បងប្អូនពុទ្ធិបរិស័ទចំណុះជើងវត្ត សមាជិកក្រុមការងារចុះជួយឃុំ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជាង ១,០០០នាក់។
ពិធីខាងលើនេះ ត្រូវបានរៀបចំប្រារព្ធ ក្នុងបរិវេណវត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតក្នុងភូមិត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោក មែន សារុន មេឃុំទ្រានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាប ពីប្រវត្តិសង្ខេបថា វត្តនេះ បានកសាងឡើងក្នុងឆ្នាំ ១៩៣០ ហើយបច្ចប្បន្នដោយមានការ ចូលរួមឧបត្ថម្ភ គាំទ្រយ៉ាងសស្រាក់សស្រាំ ពីសំណាក់លោកប្រធានក្រុមការងារ សមាជិក ក្រុមការងារ សប្បុរសជន ពុទ្ធិបរិស័ទ បានកសាងនិងជួសជុលវត្ត បានល្អប្រសើរឡើងវិញ សាកសមជាទីសការៈ គោរពប្រតិបត្តិតាមប្រពៃណី សាសនា របស់បងប្អូន។
បើទោះបីមានភារកិច្ច ដ៏មមាញឹកក្នុងកិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាលប្រគល់ជូនយ៉ាងណាក្តី លោក វេង សាខុន ឆ្លៀតពេលចុះ មកសាកសួរសុខទុក្ខបងប្អូន លោកតា លោកយាយនៅ មូលដ្ឋានផ្ទាល់ ដើម្បីស្វែងយល់បន្ថែមទៀត ពីសេចក្តីត្រូវការចាំបាច់ ក្នុងស្ថានភាពជីវភាពប្រចាំថ្ងៃ ការងារបង្កបង្កើនផល និងបញ្ហាផ្សេងៗ។
ក្នុងនោះ ដើម្បីធ្វើការកែលម្អ ដោះស្រាយជូនតាមការចាំបាច់ ឲ្យបានទូលំទូលាយ ពេញលេញ និងមាន ប្រសិទ្ធភាព ក្នុងបំណងធ្វើយ៉ាងណា លើកកំពស់កម្រិត ជីវភាព សុខភាពរបស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ តាមអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៦ ចង់បាន។
ស្ថិតក្នុងបរិយាកាស ដ៏សែនមនោរម្យ ក្នុងនាមប្រធានក្រុមការងារ សហការី និងអាជ្ញាធរមូលដ្ឋាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខទុក្ខនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ លោក វេង សាខុន បានជម្រាបជូនបងប្អូន អំពីដំណើរការវិវឌ្ឍរបស់ប្រទេសជាតិ ដោយសង្ខេបក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូចជាវិស័យកសិកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ពិសេសរក្សាបាននូវសុខ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមបានយ៉ាងល្អប្រសើរ។
សមិទ្ធផលដ៏មានតម្លៃនេះ បានទាក់ទាញការវិនិយោគ ដើម្បីចូលរួមបង្កើតការងារ បង្កើនចំណូល រក្សាកំណើនសេដ្ឋកិច្ច លំហូរទេសចរណ៍ បង្កលក្ខណៈ ងាយស្រួលក្នុងការនាំចេញកសិផល និងផលិតផលផ្សេងៗ ហើយប្រាកដណាស់ អាចឈានទៅប្រែក្លាយប្រទេស យើងឲ្យទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
ជាថ្មីម្តងទៀត ក្នុងនាមសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា លោក លោកស្រី ដែលជាសមាជិក សមាជិកា បក្សថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀមទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាជនទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ដើម្បីតមស្នងសងគុណ ជូនម្ចាស់សំឡេងឆ្នោត លោក វេង សាខុន បានក្រើនរំលឹកដល់មន្រ្តី អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវចុះមកបម្រើពលរដ្ឋ ដោយស្មោះត្រង់ មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីប្រជាជនយើង ទទួលបានផលប្រយោជន៍ច្រើនជាងមុន។
ក្នុងឱកាសនេះ លោក លោកស្រី និងសហការី បានជួយឧបត្ថម្ភថវិកាសរុប ចំនួន៨,០០០ដុល្លារ សម្រាប់ធ្វើការទូទាត់ថ្លៃ កសាងមហាកុដិ ហើយនិងបានជូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីនោះ ម្នាក់ៗ១ម៉ឺន រៀលផងដែរ៕