(ភ្នំពេញ)៖ ក្រោយបញ្ចប់ការត្រួតពិនិត្យ អាជ្ញាធរចម្រុះសម្រេចផ្អាកសកម្មភាពក្រុមហ៊ុនចិន២កន្លែង ដែលអត់ច្បាប់នៃកិច្ចប្រតិបត្តិការអាជីវកម្មលើសេវាកម្មផ្ញើ វេប្រាក់ ប្តូរប្រាក់ ជាពិសេសប្រមែប្រមូល ប្រាក់ពីអតិថិជនក្នុងការជួញដូរកាសអេលិចត្រូនិក (digital asset/cryptocurrency)។
អាជ្ញាធរជំនាញ និងសមត្ថកិច្ចចម្រុះ រួមមាន៖ ក្រុមការងារធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានកណ្ដាលសន្តិសុខ ក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយឈ្មោះ BIQUAN TECHNOLOGY (ប៊ីឈាន តិចណូឡូជី) ស្ថិតនៅផ្ទះលេខ S-58 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទីតាំងមួយទៀតឈ្មោះ Hui Shang International Remittances មានទីតាំងស្ថិតនៅផ្ទះលេខ S-59 ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ដោយយោងតាមសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា, គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការទប់ស្កាត់បទល្មើសហិរញវត្ថុ និងការចរាចរខុសច្បាប់កាស់អេឡិចត្រូនិក។
សមាសភាពចូលរួមមានលោក សៀង ធីរិទ្ធ អគ្គនាយករង នៃគណៈកម្មការមូលបត្រកម្ពុជា, លោកឧត្ដមសេនីយ៍ទោ មៀច ដេវីត អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការនគរបាលជាតិ , លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានអាជ្ញាប័ណ្ណធនាគារជាតិនៃកម្ពុជា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយបញ្ចប់ការត្រួតពិនិត្យ, អាជ្ញាធរបានសម្រេចផ្អាកអាជីវកម្មទាំងស្រុងរហូតដល់មានការអនុញ្ញាត ឬអាជ្ញាប័ណ្ណស្របច្បាប់, ណាត់ជួបបង្ហាញអាជ្ញាប័ណ្ណ ឬការអនុញ្ញាតប្រកបអាជីវកម្មនៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីតាំងដដែលជាមួយវត្តមានម្ចាស់ក្រុមហ៊ុន, ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាសអេឡិចត្រូនិក ប្រហាក់ប្រហែល និងប្រមូលប្រាក់ពីអតិថិជន, ត្រូវរុះរើផ្លាកអាជីវកម្មចេញ Logo Coinups និងហាមរុះរើសម្ភារទាំងអស់នៅក្នុងអគារចេញពីទីតាំងដើម។
លោកឧត្ដមសេនីយ៍ទោ មៀច ដាវីត បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ច និងស្ថាប័នជំនាញបានចុះទៅណែនាំ តម្រូវឲ្យក្រុមហ៊ុនសុំច្បាប់អនុញ្ញាតពីធនាគារជាតិ នៃកម្ពុជា គឺក្នុងគោលបំណងទប់ស្កាត់ ការចរាចរណ៍ និងលាងលុយកខ្វក់ឆ្លងដែនចូលកម្ពុជាយើង ដែលបានមកពីការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចបានពីជាការជួញដូរគ្រឿងញៀន ការជម្រិតទារប្រាក់ កំហែង យកតាមប្រព័ន្ធអិនធើណេត ។ល។ ដូច្នេះជនល្មើស មានឱកាសសម្អាត ប្រើប្រាស់ចរាចរណ៍ប្រាក់យកពីជនរងគ្រោះ តាមរយៈក្រុមហ៊ុនអត់ច្បាប់បែបនេះ និងបញ្ចៀសហិរញ្ញបឡទានភេវរកម្ម ក៏ដូចជា ការពារប្រជាពលរដ្ឋ អតិថិជន កុំឲ្យចាញ់បោកចំពោះការបើកអាជីកម្មដែលរាជរដ្ឋាភិបាលមិនអនុញ្ញាត។
លោកបន្តថា ក្រុមការងារធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងកម្លាំងនគរបាលជាតិ នៃនាយកដ្ឋានកណ្ដាលសន្តិសុខក្រសួងមហាផ្ទៃបានធ្វើកិច្ចការពិនិត្យរដ្ឋបាល លើការបើកអាជីកម្មប្តូរប្រាក់ កាសអេឡិចត្រូនិច ពាក់ព័ន្ធ និងឯកសារផ្លូវច្បាប់ ចៀសវាងប្រជាពលរដ្ឋ អតិថិជនងាយនិងរងគ្រោះបាញ់បោកក្រុមហ៊ុនបើកអាជីវកម្មអត់ច្បាប់ទាំងនេះ។
គួរបញ្ជាក់ថា ការបើកអាជីវកម្មប្តូរប្រាក់ដោយគ្មានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ត្រូវមានទោសទណ្ឌដែលមានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រង ការប្តូរប្រាក់ដូចមានចែងក្នុងជំពូកទី២ ពីអន្តរការិយកម្មធនាគារ។ មាត្រា៥ ក្នុងចំណុចទី៣ បានបញ្ជាក់ថា អន្តរការីប្រតិបត្តិ ក្រោមលក្ខខណ្ឌដែលមានកំណត់ ក្នុងបទបញ្ជាឲ្យផ្តល់ជូនធនាគារកណ្តាលជាទៀងទាត់ នូវរបាយការណ៍តាមកាលកំណត់ប្រតិបត្តិការផ្ទេរប្រាក់ ឬការទូទាត់ និងចលនានៃដើមទុនចេញ និងចូលដែលបានអនុវត្ត រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសក្រៅទៅតាមរយៈពេល ដែលនឹងកំណត់ដោយធនាគារកណ្តាល។
ចំណុចទី៥ ក៏បានបញ្ជាក់ផងដែរថា អាជីវករប្តូរ ប្រាក់ដល់ដៃ ដែលមានទីតាំងអចល័ត ឬចល័ត អាចធ្វើការប្តូរប្រាក់បាន លុះត្រាតែទទួលការអនុញ្ញាតជាមុនពីធនាគារកណ្តាល។ ករណីនេះ ក៏មានចែងនៅទោសបញ្ញាតិ្តតាមមាត្រា២១ ដូចបញ្ជាក់ថា ជនណាប្រព្រឹត្តបទល្មើស និងចំណុច៣ ឬចំណុច៤ ឬចំណុច៥ នៃមាត្រា៥ ឬ ប្រព្រឹត្តនឹងមាត្រា១៧នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ដល់១០លានរៀល ឬផ្តន្ទាទោសណាមួយ ក្នុងទោសទាំង២នេះ៕