(ភ្នំពេញ)៖ ប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសចាប់ផ្ដើមកម្មវិធីប្រកួតរូបថត និងអំពាវនាវដល់អ្នកស្នេហាវិស័យថតរូបទាំងអស់ នៅក្នុងប្រទេស ផ្ញើរូបថតជាស្នាដៃដើមរបស់ខ្លួន ហើយដែលឆ្លើយតបយ៉ាងសក្ដិសមបំផុត ទៅនឹងប្រធានបទ «បេតិកភណ្ឌវប្បធម៌» នៅកម្ពុជា។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា កម្មវិធីប្រកួត ក្រោមពាក្យស្លោកថា «បេតិកភណ្ឌរបស់យើង-អតីតកាលជួបអនាគតកាល» ត្រូវបានរៀបចំឡើង ដើម្បីជាផ្នែកមួយនៃការអបអរឆ្នាំ នៃបេតិកភណ្ឌវប្បធម៌អ៊ឺរ៉ុប ហើយដែលមានការរៀបចំការប្រកួត ការតាំងពិពណ៌ និងព្រឹត្ដិការណ៍ផ្សេងៗ ស្រដៀងគ្នានេះ មានរៀបចំឡើងទូទាំងពិភពលោក។
ក្នុងពិធីប្រកាសបើកការប្រកួតរូបថតនេះ ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា លោក George Edger បានថ្លែងថា «បេតិកភណ្ឌវប្បធម៌ មានឥទ្ធិពលមកលើអត្ដសញ្ញាណ និងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង។ បេតិកភណ្ឌវប្បធម៌ ស្ថិតនៅជុំវិញខ្លួនយើងទាំងអស់គ្នា នៅទីក្រុង ទីប្រជុំជន នៅតំបន់ទេសភាព ធម្មជាតិ និងទីតាំងបុរាណវិទ្យារបស់យើងទៀតផង»។
លោក George Edger បានបន្ថែមទៀតថា «បេតិកភណ្ឌវប្បធម៌ មិនត្រឹមតែមាននៅក្នុងអក្សរសាស្ដ្រសិល្បៈ និងវត្ថុផ្សេងៗ របស់យើងប៉ុណ្ណោះទេ ប៉ុន្ដែក៏មាននៅក្នុងវិស័យសិប្បកម្ម ដែលយើងបានរៀនសូត្រ ពីដូនតារបស់យើង សាច់រឿងដែលយើងដំណាលប្រាប់ ដល់កូនចៅរបស់យើង អាហារដែលយើងបរិភោគ និងភាពយន្ដដែលយើងមើល និងដែលតាមរយៈនេះ យើងបានស្គាល់ខ្លួនរបស់យើង»។
ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា តាមរយៈកម្មវិធីប្រកួតនេះ យើងមានបំណងចង់ទាញការយកចិត្តទុកដាក់ លើសារសំខាន់នៃបេតិកភណ្ឌវប្បធម៌ ចំពោះរូបយើងទាំងអស់គ្នា ទាំងនៅសហភាពអ៊ឺរ៉ុប នៅកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងទៀត នៅក្នុងពិភពលោក។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់សហភាពអ៊ឺរ៉ុប ដែលមានខ្លឹមសារទាំងស្រុង៖