(ក្វាងទុង, ចិន)៖ រូបភាពស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News លោក លឹម ជាវុត្ថា ត្រូវបានរំលេចឡើងយ៉ាងព្រោងព្រាតលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធំៗរបស់ចិននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងអំឡុងពេលរូបលោកអញ្ជើញចូលរួមវេទិកាវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ស្ដីពីទំនាក់ទំនងអន្តរជាតិលើវិស័យព័ត៌មាន។
ក្នុងអំឡុងពេលចូលរួមវេទិកានេះ លោក លឹម ជាវុត្ថា បានក្លាយទៅជាថ្នាក់ដឹកនាំស្ថាប័នព័ត៌មានមួយរូបទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកសារព័ត៌មានចិន និងតាមសូមសម្ភាសន៍ពីតួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការធ្វើឲ្យនយោបាយវិថីសូត្រសតវត្សរ៍ទី២១ ទទួលបានជោគជ័យក្លាយជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ជាពិសេសធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលមានអាយុកាល៦០ឆ្នាំហើយនោះ ទទួលបានភាពកាន់តែល្អប្រសើរថែមទៀត។
ឆ្លើយទៅនឹងសំណួររបស់អ្នកព័ត៌មានវិទ្យុអន្តរជាតិចិន (China Radio International) ដែលកំពុងប្រតិបត្តិការជិត២០០ប្រទេសជុំវិញពិភពលោក និងផ្សាយ៦៥ភាសានោះ លោក លឹម ជាវុត្ថា បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន និងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាប្រទេសអាស៊ីនានា និងអាស៊ីខាងកើតរួមទាំងកម្ពុជាផងនោះ នឹងកកើតទៅជាកម្លាំងឥទ្ធិពលដ៏ខ្លាំងក្លាជាងប្រព័ន្ធសារព័ត៌មានប៉ែកខាងលិច។
លោក លឹម ជាវុត្ថា តំណាងស្ថាប័នព័ត៌មានតែមួយគត់ពីប្រទេសកម្ពុជាដែលត្រូវបានអញ្ជើញឲ្យចូលរួមវេទិកាដ៏សំខាន់ខាងលើនេះ បានលើកឡើងថា ក្នុងឋានៈជាប្រទេសធំដែលមានភាពទទួលខុសត្រូវ ប្រទេសចិន គឺជាអ្នករួមចំណែកក្នុងការអភិវឌ្ឍពិភពលោកទាំងមូល។ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងកម្ពុជាផង នឹងបន្តទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ព្រមទាំងទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែធំធេងផងដែរ។
វេទិកាវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ ស្ដីពីទំនាក់ទំនងអន្តរជាតិលើវិស័យព័ត៌មានប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨។ វិទិកានេះ មានការចូលរួមពីតំណាងស្ថាប័នព័ត៌មានជិត ២០ប្រទេស មកពីតំបន់អាស៊ី និងអឺរ៉ុប រួមមាន៖ កម្ពុជា អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ម៉ាល់ឌីវ បង់ក្លាដេស នេប៉ាល់ ស្រីលង្កា ឥណ្ឌា ហ្វីលីពីន ឡាវ ម៉ាឡេស៊ី ហ្វីជី មិចស៊ិក សិង្ហបុរី រុស្ស៊ី កូរ៉េខាងត្បូង ហុងគ្រី អ៉ីតាលី ប៉ាពូញូហ្គីណេ ក្នុងនោះមានប្រធានស្ថាប័ន និងសេដ្ឋីអ្នកជំនួញជាង៤០រូប។
អង្គភាពព័ត៌មាន Fresh News ជាស្ថាប័នផ្សព្វផ្សាយដ៏មានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយរហូតដល់ទៅ៣ភាសារួមមាន ខេមរៈភាសា អង់គ្លេស និងចិន។ តាមរយៈការផ្សព្វផ្សាយជាភាសាចិននេះ ជាចំណែកមួយដ៏ធំក្នុងការពង្រីកនូវដំណឹងជូនដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន អ្នកវិនិយោគ ក៏ដូចជាប្រជាពលរដ្ឋប្រទេសទាំងពីរផងដែរ។
ដោយមើលឃើញពីការរួមចំណែកដ៏ធំតាមរយៈការផ្សព្វផ្សាយក្នុងការធ្វើឲ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែល្អប្រសើរស្របតាមគោលនយោបាយដឹកនាំនៃប្រទេសទាំងពីរ លោក លឹម ជាវុត្ថា តែងតែត្រូវបានអញ្ជើញចូលរួមវេទិកាធំៗស្តីពីការផ្សព្វផ្សាយដែលរៀបចំដោយរដ្ឋាភិបាលចិន។
កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ លោក លឹម ជាវុត្ថា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមបានចូលរួមក្នុងកិច្ចប្រជុំ SCO Media Summit ស្តីអំពីកិច្ចសហប្រតិបត្តិដោយផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយព័ត៌មានផងដែរ។ កិច្ចប្រជុំនោះ មានការចូលរួមពីថ្នាក់ដឹកនាំមកពីស្ថាប័នព័ត៌មានធំៗចំនួន១៧៕