(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី បានបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion-World Championship Ladies លើកទី៨ នៅទីក្រុង Izmir ប្រទេសតួកគីហើយ ដោយទទួលបានមេដាយសំរឹទ្ធ ស្ទួនជាមួយកីឡាការិនីម្ចាស់ផ្ទះទួកគី ក្រោយបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា កាលពីល្ងាចមិញ។
សម្រាប់បេសកកម្មមួយនេះ ស្រួង ភាវី បានឆ្លងកាត់ការប្រកួតចំនួន ៥ប្រកួត ក្នុងនោះវគ្គជម្រុះក្នុងពូល គឺបានយកឈ្នះ ៣ប្រកួតជាប់គ្នា រួមមានឈ្នះកីឡាការិនីជប៉ុន ២៥-២៤ពិន្ទុ, ឈ្នះកីឡកាការិនីអាល្លឺម៉ង់ ២៥-១១ពិន្ទុ និងឈ្នះកីឡាការិនីដាណឺម៉ាក ២៥-៧ពិន្ទុ មុននឹងបន្ដឈ្នះកីឡាការិនីកូឡុំប៊ី ក្នុងវគ្គ ៨នាក់ចុងក្រោយដោយលទ្ធផល ៣០-១៦ពិន្ទុ។ ប៉ុន្ដែគួរឲ្យស្ដាយ ភាវី បានបរាជ័យក្រោមថ្វីដៃកីឡាការិនីជប៉ុន Orie HIDA វិញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនាំឲ្យនាងទទួលបានត្រឹមមេដាយសំរឹទ្ធ។
ដោយឡែកមេដាយមាស បានធ្លាក់ទៅកណ្ដាប់ដៃកីឡាការិនីហូឡង់ Therse Klompenhouwer ក្រោយយកឈ្នះកីឡាការិនី Orie HIDA ដោយលទ្ធផល ៣០-២៤ពិន្ទុ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់មិញ គ្រាដែលមេដាយប្រាក់ បានទៅកីឡាការិនីជប៉ុន ។ រីឯមេដាយសំរឹទ្ធស្ទួន ១គ្រឿងទៀត គឺបានទៅកីឡាការិនីទួកគី Gulsen DEGENER ក្រោយប្រកួតចាញ់កីឡាការិនីហូឡង់ Therse Klompenhouwer ដោយពិន្ទុ ៣០-២០ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចកីឡាការិនី ស្រួង ភាវី ដែរ។
យ៉ាងណាមិញ ការដណ្ដើមបានមេដាយសំរឹទ្ធ ដោយកីឡាការិនីមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ស្រួង ភាវី គឺជាជោគជ័យថ្មីមួយទៀត សម្រាប់កម្ពុជា ជាមួយនឹងប្រភេទកីឡាស្នូកឃ័រ និងប៊ីយ៉ា ដែលទើបបង្កើតសហព័ន្ធជិត ២ខែ។ អ្វីដែលគួរកត់សម្គាល់ នាងបានយកឈ្នះកីឡាការិនីជើងខ្លាំងអាស៊ី និងអឺរ៉ុបជាច្រើន ដែលបង្កឲ្យមានការភ្ញាក់ផ្អើលពីសំណាក់អ្នកនិយមលេងកីឡាស្នូកឃ័រទូទាំងពិភពលោក។ ជាមួយនឹងសមិទ្ធិផលនេះដែរ យោងតាមប្រកាសអន្ដរក្រសួង ភាវី ក៏នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦៤លានរៀលពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕