Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចពិជ័យសេនា ទៀ បាញ់ បន្តដឹកនាំក្រុមការងារ និងស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំពន្លឿនដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ

21-09-2018 08:18

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារសាងសង់ និងស្ថាប័នពាក់ព័ន្ធបើកកិច្ចប្រជុំ និងប្រកាស Countdown នៅវិមានឈ្នះឈ្នះ និងចែកលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាម រៀនវគ្គមគ្គុទេសក៍វិមានឈ្នះ-ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ នាង ផាត, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់, នាយឧត្តមសេនីយ៍ ទៀ វិញ, លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌជ្រោយចង្វា រួមជាមួយក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ និងតំណាងក្រសួងពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។

វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា ហើយកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនេះ គ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមរំឭកថា វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល យ៉ាងណាក៏ដោយ គេមិនបានបញ្ជាក់ថា ការចំណាយនូវការសាងសង់អស់ថវិកាប៉ុន្មាននោះឡើយ។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕