(ភ្នំពេញ)៖ គួរឲ្យអាសូរ! បុរសម្នាក់ជាទាហានពាក់ស័ក្តិ២ បានជិះម៉ូតូ PCX មួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកជាមួយនឹងរបាំងថ្មចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩៖១០យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុចផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សុវណ្ណ ច័ន្ទតុលា មុខរបរជានាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឋានន្តរស័ក្ដិអនុសេនីយ៍ទោ អត្តលេខ 165777 មានប្រពន្ធមិនស្គាល់ឈ្មោះ និងកូនប្រុសម្នាក់ អាយុប្រហែល៣ឆ្នាំ។
ប្រភពព័ត៌មានពីសាក្សីឃើញហេតុការណ៍នេះ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ Fresh News ដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ PCX ពណ៍ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1CJ-1780 ក្នុងល្បឿនលឿន ខណៈដែលមិនឃើញពាក់មួកសុវត្ថិភាពនោះទេ ទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយនឹងទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបោកក្បាលនឹងទ្រូងផ្លូវពេញទំហឹង។ ភ្លាមៗនោះគេឃើញរថយន្តសង្គ្រោះគ្លីនិកឯកជន បានមកយកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ដែរ តែអកុសលជនរគ្រោះបានស្លាប់បាត់បង់ជីវិតភ្លាម តាំងពីកើតហេតុមកម៉្លេះ។
សូមបញ្ជាក់ថា ជនរងគ្រោះមានដាក់មួកសុវត្ថិភាពនៅជាប់ម៉ូតូដែរ តែពេលធ្វើដំណើរមិនបានពាក់មួកសុវត្ថិភាពនោះទេ។
ក្រោយពេលកើតហេតុសាច់ញាតិ និងក្រុមគ្រួសាររួមទាំងប្រពន្ធជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ ស្រែកទ្រហោយំស្រណោះអាឡោះអាល័យ ខណៈពេលដែលបាត់បង់សមាជិកគ្រួសារ ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយមកសពជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯគេហដ្ឋាន៕