(តូក្យូ-ជប៉ុន)៖ ដោយវិស័យទេសចរណ៍សហគមន៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ កាត់ការបន្ថយចំណាកស្រុកពីជនបទមកទីក្រុង រួមចំណែកដល់កិច្ចការពារបរិស្ថាន ទើបបានជាព្រិត្តិការណ៍ពិព័រណ៍ទេសចរណ៍ជប៉ុន ឆ្នាំ២០១៨ (Japan Tourism Expo 2018) នៅទីក្រុងតូត្យូ ប្រទេសជប៉ុន និងកិច្ចប្រជុំតុមូលរដ្នមន្ត្រីទេសចរណ៍លើកទី២ លើកយកប្រធានបទតែមួយគត់មកពិភាក្សាគ្នាយ៉ាងល្អិតល្អន់ស៊ីជម្រៅ គឺនិរន្តរភាពទេសចរណ៍ ដើម្បីអភិវឌ្ឍន៍សហគមន៍ (Sustainable Tourism for Community Development)។
កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីទេសចរណ៍លើកទី២នេះ បានធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងនោះក៏មានការចូលរួមពីរដ្ឋមន្រ្តីមកពី ១៩ប្រទេស និងដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិធំៗ រួមមាន៖ លោក Zurab Pololikashvili អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោកស្រី Gloria Guevara ប្រធានអង្គការទេសចរណ៍ និងធ្វើដំណើរពិភពលោក (WTTC) និងលោក Mario HARDY អគ្គនាយកនៃសមាគម Pacific Association of Travel Agents (PATA) និងលោក Shannon Stowell ប្រធានសមាគមទេសចរណ៍ផ្សងព្រេង (Adventure Tourism Association= ATA) ដោយចែករំលែកបទពិសោធន៍ ពិភាក្សាគ្នារិះរកយន្តការ និងយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍសហគមន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព សម្រាប់ប្រទេស និងតំបន់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីរូបមន្តគំរូ 4Ps ដែលបានរកឃើញនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាសាកល៖
* P1= Public (ផ្នែកសាធារណៈ)៖ រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវចូលទស្សនា) រៀបចំគោលនយោបាយ បទដ្ឋានគតិយុត្តនានា និងច្បាប់ ដើម្បីគាំទ្រ និងការពារសហគមន៍។ល។
* P2= Partnership (ដៃគូអភិវឌ្ឍន៍)៖ ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB), សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វីក (PATA) wild life Alliance និងប្រទេសអ្នកផ្តល់ជំនួយត្រូវផ្តល់ហរិញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងអភិវឌ្ឍន៍សហគមន៍ ការបណ្តុះបណ្តាលព័ត៌មានវិទ្យា ការផ្សព្វផ្សាយពីសហគមន៍ដែលមានការទទួលខុសត្រូវ តាមរយៈបណ្តាញសហគមន៍អន្តរជាតិ។
* P3= Private (ផ្នែកឯកជន)៖ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងធុរជនទេសចរណ៍ត្រូវជួយផ្សព្វផ្សាយ ព្រមទាំងរៀបចំកញ្ចប់ទស្សនកិច្ច ដែលមានការទទួលខុសត្រូវទៅកាន់សហគមន៍ទេសចរណ៍ និងអាចជួយពិចារណានាំគម្រោងវិនិយោគខ្នាតតូច (Small Scale) ដូចជា Eco-lodges មកកាន់សហគមន៍។
* P4= People (ប្រជាសហគមន៍ និងទេសចរ)៖
ប្រជាសហគមន៍ជាបញ្ហាគន្លឹះ ពួកគាត់ត្រូវឆ្លងកាត់ការអប់រំ បណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ ពិសេសចំណូលថវិកាដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូលដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញ់ព្រៃឈើ។
អត្ថប្រយោជន៍ពីសកម្មភាពទេសចរណ៍ រួមមាន៖ ចំណូលពីសេវាកម្មផ្ទះស្នាក់ ការធ្វើមគ្គទ្ទេសក៍ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងការផ្គត់ផ្គង់ភេសជ្ជៈ និងសេវាកម្មដឹកជញ្ជូន។ល។ ចំពោះទេសចរក្នុងស្រុក និងទេសចរអន្តរជាតិ ពួកគេក៏ត្រូវឆ្លងកាត់ការអប់រំឱ្យបានល្អអំពីដំណើរទេសចរណ៍ ប្រកបដោយការទទួលការខុសត្រូវ គោរពប្រពៃណីទំនៀមទម្លាប់របស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចការពារបរិស្ថាន និងធម្មជាតិ។
គួររំលឹកថា គន្លឹះនៃនិរន្តរភាពទេសចរណ៍ ដើម្បីអភិវឌ្ឍន៍សហគមន៍ គឺការបែងចែកអត្ថប្រយោជន៍ដល់ប្រជាសហគមន៍ ប្រកបដោយសមធម៌ (équitable benefit sharing)។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាស៊ានក៏បានដាក់ចេញស្តង់ដាទេសចរណ៍ជាច្រើន សំដៅធានាបាននូវផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព ដូចជាស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ស្តង់ដាផ្ទះស្នាក់អាស៊ាន។ ដោយឡែក ក្នុងចំណោមស្តង់ដាទាំងនោះ កម្ពុជាមានកិត្តិយសក្នុងនាមជាប្រទេសនាំមុខ ក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាទីក្រុងស្អាតអាស៊ាន។ ស្របជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំឱ្យមានស្តង់ដារបស់ខ្លួន ដើម្បីធានាគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ សំដៅធានាឱ្យបាននូវទេសចរណ៍ប្រកបដោយនិរន្តរភាព។
ម្យ៉ាងទៀត លោករដ្ឋមន្ត្រីបានជម្រាបអង្គវេទិកាថា ដោយកម្ពុជាមានសហគមន៍ជាង ២,០០០កន្លែង ដែលបានចុះបញ្ជីក្នុងស្ថាប័នផ្សេងគ្នា ដូចជា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយមជាដើម និងដោយពិនិត្យឃើញថា ក្នុងចំណោមសហគមន៍ទាំងជាង២,០០០នោះ ក៏អាចមានសហគម៍ខ្លះមានសក្តានុពលអាចអភិវឌ្ឍន៍បន្ថែមជាសហគមន៍ទេសចរណ៍ ដែលអាចរកចំណូលបន្ថែមពីសកម្មភាពទេសចរណ៍ជូនសហគមន៍បាន។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើតឱ្យមានក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងទេសចរណ៍ជាប្រធាន ក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ ក្រសួងកសិកម្ម និងក្រសួងពាក់ព័ន្ធផ្សេងទៀតជាសមាជិក ដើម្បីពិនិត្យមើលជាក់ស្តែង ក្នុងគោលបំណងសំខាន់អភិវឌ្ឍន៍ទៅជាសហគមន៍ទេសចរណ៍នេះ។ កិច្ចប្រជុំតុមូលរដ្ឋមន្ត្រីបានយកចិត្តទុកដាក់ស្តាប់ កោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានចែករំលែកបទពិសោធន៍នេះ៕