(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការគ្នាបន្ដចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់២ករណី ដោយដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន និងចាក់លែងកូនត្រីចម្រុះចូលទឹកវិញ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកចាត់បញ្ជាអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំ, ស្រក ប្រជាការពារ និងខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ដឹកនាំដោយលោក យី វណ្ណៈ អភិបាលរងស្រុកកំពង់សៀម ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់តែម្ដង។
បើតាមលោកឧត្ដមសេនីយ៍ស្នងការ ករណីទី១ នៅចំណុចភូមិបឹងក្តី ឃុំវិហារធំ ស្រុកកំពង់សៀម ជាលទ្ធផលលូស្បៃមុង ចំនួន៣មាត់, របាំងព្រួល ប្រវែង១៥០ម៉ែត្រ, បង្គោលឬស្សី ចំនួន៣០ដើម
។ ចំពោះសម្ភារវត្ថុតាង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារធំបណ្តោះអាសន្ន ដើម្បីរង់ចាំបទបញ្ជាចាត់ការបន្ត។
ករណីទី២ នៅចំណុចមុខវត្តព្រះកែវឧទ្យាល្ពាក និងក្បាលទំនប់ត្រួយចេក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ជាលទ្ធផលលូស្បៃមុង ចំនួន៥មាត់, របាំងព្រួលប្រវែង២៥០ម៉ែត្រ
និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិចំនួន ៣គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕