(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានរៀបចំពិធីប្រគល់ជ័យលាភី “យុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨” ក្រោមប្រធានបទ៖ «ការរៀបចំវត្តទេសចរណ៍គំរូ» វិញ្ញាសា «វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ ក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋមន្រ្តីស្តីទីនៃក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍ ។
យោងតាមរបាយការណ៍របស់គណៈកម្មការវាយតម្លៃកម្មវិធីប្រកួតប្រជែងយុវជនទេសចរឆ្នើម ឆ្នាំ២០១៨ បានឱ្យដឹងថា ដោយមានការគាំទ្រពីក្រសួងធម្មការ និងសាសនា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យទេសចរណ៍ បានដាក់ចេញនូវកម្មវិធីប្រកួតប្រជែងយុវជនទេសចរណ៍ឆ្នើម ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «ការរៀបចំវត្តទេសចរណ៍គំរូ» វិញ្ញាសា «វត្តហរិរក្សរាជិនី (វត្តវាំងចាស់) ជាវត្តទេសចរណ៍គំរូ ស្ថិតនៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
កម្មវត្ថុសំខាន់ចំនួន៣របស់កម្មវិធីប្រកួតប្រជែងនេះមានដូចជា (ទី១.) វត្តទេសចរណ៍គំរូដើរតួនាទីជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ជាផ្នែកមួយនៃផលិតផលទីក្រុងស្អាត និងជាការឆ្លើយតបនឹងគោលនយោបាយផែនការយុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាលក្នុងការជំរុញការធ្វើពិពិធកម្មផលិតផលទេសចរណ៍ឱ្យកាន់តែសំបូរបែប ក៏ដូចជាការពង្រឹងគុណភាពផលិតផលបន្ថែម ជាពិសេសគឺការគាស់កកាយនូវសក្តានុពលទេសចរណ៍ដែលមាននៅតាមបណ្តារាជធានី-ខេត្ត (ទី២.) ប្រទេសកម្ពុជាជាប្រទេសមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានវត្តអារាមនៅទូទាំងប្រទេសច្រើនពាន់កន្លែង ហើយការរីកចម្រើននៃពុទ្ធចក្រក៏បានដើរស្របគ្នានឹងការរីកចម្រើននៃវិស័យអាណាចក្រ (ទី៣.) ការជំរុញការចូលរួមពីយុវជនជានិស្សិតដែលមានគំនិតឆ្នៃប្រឌិតក្នុងការបង្កើតថ្មីនានា ជាការជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជនក្នុងការអភិវឌ្ឍទីតាំងវត្តអារាមឱ្យក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ ដោយរួមបញ្ចូលទេសចរណ៍ វប្បធម៌ និងសាសនា ឈរលើគោលគំនិតនៃការអភិវឌ្ឍ និងការអភិរក្ស ភាពស្អាត និងបៃតង គុណភាព និងភាពសំបូរបែប។
ជាក់ស្តែង ក្រោយពីមានការដាក់ចេញនូវសេចក្តីជូនដំណឹងលេខ១៦០ សជណ.អគឧ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ និងបានធ្វើពិធីផ្សព្វផ្សាយនៅទីតាំងវត្តវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីអាជ្ញាធរថ្នាក់ខេត្ត ស្រុក និងមន្ទីរពាក់ព័ន្ធ មានបេក្ខជន-បេក្ខនារីដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ ជានិស្សិតមកពី៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យលីមកុកវីង។
បេក្ខជននៃក្រុមនីមួយៗបានឆ្លងកាត់ការត្រួតពិនិត្យ និងផ្តល់មតិយោបល់ពីគណ:កម្មការជាច្រើនលើក មុននឹងឈានមកដល់ការវាយតម្លៃដំណាក់កាលចុងក្រោយ ដោយគណ:កម្មការបានធ្វើការវាយតម្លៃបច្ចេកទេសចុងក្រោយ (ពិន្ទុបច្ចេកទេស៨០%) លើលទ្ធផលការងារក្រុមឆ្នើមទាំង៥ក្រុម (Top 5) ដែលជាបេក្ខភាពដណ្តើមយកជ័យលាភីយុវជនទេសចរណ៍ឆ្នើមឆ្នាំ២០១៨។
ក្រោយមកទៀត ដើម្បីឲ្យសាធារណជនបានចូលរួមផ្តល់មតិយោបល់លើលទ្ធផលការងារនៃក្រុមឆ្នើមនីមួយៗ គណ:កម្មការបានធ្វើការបង្ហោះជាផ្លូវការនូវវីដេអូអំពីស្នាដៃនៃក្រុមទាំង៥ នៅលើគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ ដើម្បីឲ្យសាធារណជន និង fans ធ្វើការចុច Like បោះឆ្នោតជូនក្រុមដែលពេញចិត្តជាងគេ(ពិន្ទុ២០%)។
ជាលទ្ធផល ជ័យលាភីបានទៅលើក្រុមនិស្សិតរួមមាន លោក ងួន ពិសិដ្ឋ (មកពីសាកលវិទ្យាល័យន័រតុន ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍) លោក ឡេង ដេវីដ (មកពីសាកលវិទ្យាល័យលីមកុកវីង ផ្នែកស្ថាបត្យកម្ម) កញ្ញា ឆាង វ៉ាន់លីកា (មកពីសាកលវិទ្យាល័យលីមកុកវីង ផ្នែកស្ថាបត្យកម្ម)។ ក្រុមជ័យលាភីទទួលបានវិញ្ញាបនបត្រជ័យលាភី និងទឹកប្រាក់ឧបត្ថម្ភចំនួន៣លានរៀល។
គួរបញ្ជាក់ដែរថា ក្រុមការងារនឹងរៀបចំចងក្រងស្នាដៃរួមលើការរៀបចំវត្តទេសចរណ៍គំរូ ដោយរួមបញ្ចូលខ្លឹមសារគោលចំបងៗនៃលទ្ធផលសិក្សាស្រាវជ្រាវរបស់ក្រុមនិស្សិតទាំង៥ក្រុម ដើម្បីធ្វើការចែករំលែក ផ្សព្វផ្សាយបន្ត និងជំរុញឱ្យមានការរៀបចំជាវត្តទេសចរណ៍គំរូនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ក៏ដូចជាជំរុញដល់ផ្នែកឯកជនឱ្យរៀបចំជាកញ្ចប់ទស្សនកិច្ចទៅកាន់គោលដៅវត្តទេសចរណ៍គំរូទាំងនេះផងដែរ៕