(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រលប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការលាលែងរបស់មេទ័ពទាំង៥រូប ចេញពីតំណែងនាយរងនាយសេនាធិការចម្រុះ គឺជាការអនុវត្តប្រកាសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលធ្វើការកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥។
ការចេញមុខអះអាងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី ឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣, ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២, ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១, ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានធ្វើលិខិតមួយ សុំលាលែងពីតំណែងនាយរងសេនាធិការចម្រុះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តឱ្យស្របតាមសេចក្តីសម្រេចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក»។
បើតាម លោក ឈុំ សុជាត ការលាលែងរបស់មេទ័ពទាំង៥រូប ចេញពីតំណែងនាយរងសេនាធិការចម្រុះ គឺមិនមែនជារឿងចម្លែកនោះទេ ពីព្រោះពួកគាត់បានទៅកាន់តំណែងជាមេបញ្ជាការកងពលរៀងៗខ្លួន ដែលស្ថិតនៅក្រោមចំណុះផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។
លោកបានបញ្ជាក់បន្ថែមថា «ការកែសម្រួលរចនាសម្ព័ន្ធ និងក្របខណ្ឌមួយចំនួននេះ គឺដើម្បីពង្រឹងខឿនការពារជាតិ ក៏ដូចជាជំរុញឱ្យប្រសិទ្ធភាពការងារនៅក្នុងក្របខណ្ឌការពារជាតិកម្ពុជា កាន់តែប្រសើរ និងខ្លាំងក្លាថែមទៀត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួលផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក
កងពលទាំង៥នោះរួមមាន កងពលធំអន្ដរាគមន៍៣, កងពលធំអន្ដរាគមន៍លេខ២, កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១, កងពលតូចអន្ដរាគមន៍លេខ១ និងកងពលតូចថ្មើរជើងលេខ៧០ ផងដែរ ដែលកន្លងទៅ កងពលទាំងនេះ បានស្ថិតនៅក្រោមការដឹកនាំបញ្ជាររបស់នាយសេនាធិការចម្រុះ៕