(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ សាកលវិទ្យាល័យន័រតុន (NORTON University) បានបង្កើតកម្មវិធី «ប្រគល់លិខិតសរសើរដល់និស្សិតឆ្នើម ប្រធានថ្នាក់ និងអនុប្រធានថ្នាក់» ដើម្បីលើកទឹកចិត្តដល់និស្សិតដែលមានការខិតខំប្រឹងប្រែងរៀនសូត្រ និងក្បាលម៉ាស៊ីនថ្នាក់ ដែលបានចូលរួមចំណែកខិតខំធ្វើការពេញមួយឆ្នាំមកនេះ។
ពិធី «ប្រគល់លិខិតសរសើរដល់និស្សិតឆ្នើម ប្រធានថ្នាក់ និងអនុប្រធានថ្នាក់» នេះ ធ្វើឡើងនៅសកលវិទ្យាល័យន័រ (NORTON University) ក្រោមវត្តមាន លោកសាស្ត្រាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន លោកបណ្ឌិត លឹម សុខតៃ ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រ និងសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ រួមនឹងថ្នាក់ដឹកនាំសកលវិទ្យាល័យន័រតុន ជាច្រើននាក់ទៀត។
នាឱកាសដ៏ពិសេសនោះ លោក ចាន់ សុខឃាង សាកលវិទ្យាធិការនៃសកលវិទ្យាល័យន័រតុន ក៏បានសាទរយ៉ាងខ្លាំងផងដែរ ចំពោះនិស្សិតទាំងអស់ដែលបានខិតប្រឹងប្រែងរៀនសូត្រ រហូតក្លាយទៅជាសិស្សឆ្នើមប្រចាំសកលវិទ្យាល័យ រួមនឹងប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ដែលបានខិតខំធ្វើការងារប្រចាំថ្នាក់បានល្អពេញមួយឆ្នាំ។
ក្រៅពីនោះ លោក ចាន់សុខឃាង ក៏បានធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការសិក្សា ក៏ដូចជាបទពិសោធន៍ផ្សេង ជូនដល់និស្សិតប្រមាណជាជាង៤០០នាក់ ដែលបានចូលរួមក្នុងកម្មវិធី «ប្រគល់លិខិតសរសើរដល់និស្សិតឆ្នើម ប្រធានថ្នាក់ និងអនុប្រធានថ្នាក់» ឲ្យយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការខិតខំប្រឹងប្រែងក្នុងជីវិតជានិស្សិត។
សាកលវិទ្យាធិការរូបនេះ ក៏បានថ្លែងកោតសរសើរដល់ឪពុកម្តាយ របស់និស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែងបញ្ជូនកូនចៅមកសិក្សា ដើម្បីក្រេបចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ក្នុងន័យបំពេញតម្រូវការនៅពេលអនាគត។
សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់ការប្រគល់សញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជូននិស្សិតប្រមាណជា៦០០នាក់ កាលពីម្សិលមិញនោះ សកលវិទ្យាល័យន័រតុន នាថ្ងៃនេះក៏បានបង្កើតកម្មពិធី ប្រគល់លិខិតសរសើរដល់និស្សិតឆ្នើម ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ដែលនេះសបង្ហាញពីការយកចិត្តទុកដាក់ និងកោតសរសើរជូនចំពោះនិស្សិតផងដែរ។
ជាមួយគ្នានោះដែរ លោកបណ្ឌិត លឹម សុខតៃ ក៏បង្ហាញក្តីសាទរចំពោះនិស្សិតឆ្នើមទាំងអស់ ដែលបានសម្រេចបំណងខ្លួនការក្លាយខ្លួនជានិស្សិតពូកែប្រចាំសកលវិទ្យាល័យ ហើយការលោកក៏បានលើកទឹកចិត្តដល់និស្សិតទាំងអស់នោះ ឲ្យមានការខិតខំបន្ថែមទៀតចំពោះការយកចិត្តទុកដាក់ក្នុងការសិក្សាមួយនេះ។
ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្ត្រ ប្រចាំសាកលវិទ្យាល័យន័រតុនរូបនេះ ក៏បានក្រើនរម្លឹកដល់និស្សិតទាំងអស់ថា ប្រសិនបើក្លាយខ្លួនជានិស្សិតឆ្នើមសាកលវិទ្យាហើយ គប្បីត្រូវក្លាយខ្លួនជានិស្សិតដែលមានសីលធម៌ សុជីវធម៌ល្អប្រចាំសាលាផងដែរ ទើបមានការកោតសរសើរកាន់តែខ្លាំង ពីបណ្តាលោកគ្រូ អ្នកគ្រូ រួមនឹងមិត្តរួមថ្នាក់ ក៏ដូចជារួមសាលាផងដែរ។
សូមបញ្ចាក់ថា ពិធី «ប្រគល់លិខិតសរសើរដល់និស្សិតឆ្នើម ប្រធានថ្នាក់ និងអនុប្រធានថ្នាក់» នេះ នឹងធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តង ក្នុងគោលបំណងលើកទឹកចិត្តជូនដល់និស្សិតទាំងអស់ ដែលខិតខំប្រឹងប្រែងនឹងការងារប្រចាំថ្នាក់ ឬសាកលវិទ្យាល័យ រួមនឹងការខិតខំប្រឹងប្រែងក្នុងការសិក្សា៕