(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ក្នុងការរៀបចំកម្មវិធីសិក្ខាសិលាមួយស្តីពី «ជំងឺ និងផលប៉ះពាល់ដល់អាជីវកម្ម» នៃជំងឺប៉េស្តជ្រូកអាហ្រិ្វក (African Swine Fever) នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ កាលពីថ្ងៃទី២០ សីហានេះ។
កម្មវិធីនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយ និងបង្ហាញពីវិធីគ្រប់គ្រង និងការពារមេរាគ ដែលរាតត្បាតពីជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលមានការចូលរួម ពីសំណាក់លោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, វេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រចារផ្នែកវិទ្យាសាស្ត្រ បសុសត្វនៃសកលវិទ្យាល័យ Chulalongkorn, លោកស៊្រុន ពៅ ប្រធានសមាគមចញ្ចឹមជ្រូកកម្ពុជា ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វឯកជននានា និងកសិករដែលសហការ ជាមួយក្រុមហ៊ុនស៊ី.ភី ខេមបូឌាជាដើម។
ជំងឺប៉េស្តជ្រូកអាហ្រិ្វក ត្រូវបានរាតត្បាត និងកើតឡើងលើសត្វជ្រូក ដែលបង្ករជាបញ្ហាចោទដល់ប្រជាជន ដែលបរិភោគសាច់ជ្រូក ជាពិសេសម្ចាស់កសិដ្ឋានចញ្ចឹមសត្វជ្រូក ក្នុងប្រទេសអាស៊ី ហើយ ប្រទេសដែលមានជំងឺរាតត្បាតនេះ នឹងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើផ្នែកសេដ្ឋកិច្ច និងសង្គម។ វីរុសនេះ កើតលើទាំងសត្វជ្រូកព្រៃនិងជ្រូកស្រុក ដែលជ្រូកព្រៃ ជាអ្នកផ្ទុកហើយឆ្លងមកជ្រូកស្រុក តាមរយៈការចេញចូលពីកន្លែងមួយទៅកន្លែងមួយទៀត។ ដូច្នេះ អាចនិយាយបានថា សត្វដែលឆ្លង គឺ៩០ភាគរយស្លាប់ ដោយមិនមានថ្នាំបង្ការនៃជំងឺនេះ នៅឡើយទេ។
លោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ជំងឺនេះ ជាជំងឺប៉េស្តជ្រូកអាហ្រិ្វក បង្កដោយវីរុសដែលធន់នឹង បរិយាកាសខាងក្រៅ វានៅក្នុងលាមកសត្វ កាកសំណល់ ខោអាវដែល ស្លៀកពាក់ មធ្យាបាយយានយន្តជាដើម។ ឧទាហរណ៍៖ ប្រទេសចិន ដែលបានចម្លងពីកន្លែងមួយទៅកន្លែង មួយទៀត។
លោកបន្ថែមថា «យើងជាសមាជិកអង្គការសុខភាពសត្វពិភពលោក យើងមានទំនាក់ទំនងក្នុងការចែកចាយព័ត៌មាន លើបញ្ហាសុខភាពសត្វទំាងអស់ ដែលអាចដឹងពីជំងឺ និងវិធានការដើម្បីផ្សព្វផ្សាយ ដល់ប្រជាជនទូទៅ និងត្រួតពិនិត្យលើបញ្ហា ដែលកើតលើសត្វឲ្យទាន់ពេលវេលា ហើយយើងបានសហការជាមួយអង្គការ ដើម្បីជជែកពិភាក្សាពីបញ្ហាទប់ស្កាត់ នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក»។
លោកបានបញ្ជាក់ថា «ព្រះរាជាណាចក្រកម្ពុជា អត់មានករណីកើតជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ុន្តែទោះបីមិនកើតក៏ដោយយើងមានចំណាត់ការបង្ការគ្រប់គ្រង ជំងឺនេះជាមុនដោយការសហការពីវិស័យឯកជន ជាមួយក្រសួងរបស់យើង»។
លោក ស៊្រុន ពៅ ប្រធានសមាគមចិញ្ចឹមជ្រូកកម្ពុជាបានឲ្យថា «បញ្ហាសព្វថ្ងៃដែលយើងអាចប្រឈមខ្លាំង គឺបញ្ហានាំចូលសាច់ពីក្រៅប្រទេស ដែលអាចបង្កការឆ្លងដ៏ងាយបំផុត ដូច្នេះសូមឲ្យក្រសួងចេញនូវលិខិតបញ្ជាក់ត្រឹមត្រូវ មុនពេលនំាចូលសាច់ និងលើកស្ទួយដល់កសិករ ក្នុងការចិញ្ចឹមសត្វឲ្យគ្រប់នូវតំរូវការទីផ្សារក្នុងស្រុក»។
ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក ជាជំងឺដែលឆ្លងរាលដាលទៅលើសត្វជ្រូក ហើយវីរុសនេះរស់នៅជុំវិញបរិស្ថានបានយូរ ជំងឺនេះអាចឆ្លងតាមរយៈ៖ (១)ការប៉ះពាល់សំបោរ ទឹកមាត់ ទឹកភ្នែក ទឹកនោម និងលាមកជ្រូកមានជំងឺ (២) ការដកដង្ហើមចូលដែលមានមេរោគក្នុងខ្យល់ (៣)ការស៊ីចំណីដែលជាកាកសំណល់ផ្ទះបាយ ដែលមានមេរោគ (៤)ជ្រូកព្រៃក៏ជាភ្នាក់ងារចម្លងជំងឺបាន តែវាមិនបង្ហាញអាការៈជំងឺឲ្យឃើញ និង (៥)យានយន្តសំលៀកបំពាក់ ឬឧបករណ៍ដែលមានមេរោគ។
លោកវេជ្ជបណ្ឌិត Roongroje Thanawongnuwech សាស្ត្រចារផ្នែកវិទ្យាសាស្ត្រ បសុសត្វនៃសកលវិទ្យាល័យ Chulalongkorn បានថ្លែងថា «មធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺនេះ នៅពេលយើងនិយាយ វាងាយស្រួលណាស់ ប៉ុន្តែក្នុងការគ្រប់គ្រងផ្នែកបច្ចេកទេស វាពិបាកណាស់។ មនុស្សគឺជាអ្នកដែលនាំជំងឺនេះ ពីកន្លែងមួយទៅកន្លែងមួយទៀត។ ឧទាហរណ៍ប្រសិនបើប្រជាជនចិនធ្វើដំណើរ និងនាំយកសាច់ជ្រូក ឬ អាហារដែលនៅសល់នោះ វានឹងឆ្លង»។
លោកបន្តថា «ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជានិងឧស្សាហកម្មជលផល ត្រូវការការពាររាល់ការនំាចូលផលិតផល និងបញ្ឈប់ការនាំយកផលិតផល សាច់មួយចំនួនពីប្រទេស ដែលមានជំងឺប្រភេទនេះ»។ សម្រាប់ការគ្រប់គ្រង ប្រសិនបើអ្នកបានរកឃើញជំងឺនេះ អ្នកត្រូវរកដំណោះស្រាយឲ្យបានឆាប់ ដើម្បីបញ្ឈប់ជំងឺនេះមិនឲ្យរីករាលដាលនៅក្នុងប្រទេស។ លោកវេជ្ជបណ្ឌិត Roongroje ថា «ខ្ញុំគិតថារដ្ឋាភិបាលត្រូវត្រៀមខ្លួន ហើយសុំការសហការឲ្យមានការការពារ ព្រោះបណ្តាប្រទេសអាស៊ី មិនទាន់មានជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅឡើយទេ»។
អាការៈជំងឺនេះគួរកត់សម្គាល់ដូចជា ជ្រូកមានកម្តៅខ្ពស់ ស្បែកឡើងក្រហមមានកន្ទួលឈាម ហើយមានស្នាមជាំលើស្លឹកត្រចៀក ពោះ និងជើងក្រោយ មានអាការៈពិបាកក្នុងការដកដង្ហើម ជួបប្រទះអាការៈខាងប្រព័ន្ធរំលាយអាហារ លាមករាកមានលាយឈាម ជ្រូកមានការរលូតកូន ឬកូនកើតមកភ្លាមងាប់ភ្លាម ជ្រូកអាចងាប់ភ្លាមៗ ដោយមិនមានរោគសញ្ញាអ្វីទំាងអស់។
ដូច្នេះការគ្រប់គ្រង និងការការពារមេរោគមានដូចជា អនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋាន ពេលចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសំលៀកបំពាក់ ស្បែកជើង និងជ្រលក់ទឹកថ្នាំសម្លាប់មេរោគ ពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋាន គ្មានការទិញលក់ ឬនំាសត្វជ្រូកចូលដោយមិនមាន ប្រភពច្បាស់លាស់ ធ្វើការសម្អាតកសិដ្ឋាន ដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់សម្លាប់មេរោគលើយានជំនិះ មុនចេញចូលកសិដ្ឋាន ជៀសវាសក្នុងការនំាផលិតផល សាច់ជ្រូកចូលក្នុងកសិដ្ឋាន និងជៀសវាងការឲ្យចំណីជ្រូក ជាកក់សំណល់ផ្ទះបាយ។
គួរបញ្ជាក់ដែរថា ប្រសិនបើសត្វជ្រូកឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក នឹងធ្វើឲ្យសត្វជ្រូកងាប់ជាច្រើន (អាចនឹងមានអាត្រាងាប់១០០ភាគរយ) ដែលជំងឺនេះមិនទាន់មានវ៉ាក់សាំង និងវិធីព្យាបាលនៅឡើយទេ ប៉ុន្តែវាជាជំងឺដែលមិនឆ្លងទៅមនុស្ស៕