(ភ្នំពេញ)៖ កីឡាការិនីជម្រើសជាតិស្នូកឃ័រ និងប៊ីយ៉ាកម្ពុជា ស្រួង ភាវី មិនអាចឡើងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion-World Championship Ladies លើកទី៨ បានឡើយ បន្ទាប់ពីប្រកួតចាញ់កីឡាការិនីជើងខ្លាំងជប៉ុន Orie HIDA មុននេះបន្ដិច ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅប្រទេសតួកគី។
យោងតាមទិដ្ឋន័យលទ្ធផលប្រកួតលើវេបសាយបរទេសមួយឈ្មោះថា “Kozoom” បានឲ្យដឹងថា ស្រួង ភាវី ត្រូវបានកីឡាការិនី Orie HIDA វាយបកយកឈ្នះរហូតដល់ទៅ ៣០-១០ពិន្ទុឯណោះ បន្ទាប់ពីជួបគ្នាក្នុងវគ្គជម្រុះពូល A កាលពីថ្ងៃអង្គារកន្លងទៅ ស្រួង ភាវី បានយកឈ្នះកីឡាការិនីជប៉ុនរូបនេះ ដោយពិន្ទុ ២៥-២៤ ទាំងប្រផិតប្រផើយ។ នេះគឺជាដំណឹងគួរឲ្យសោកស្ដាយ សម្រាប់កីឡាការិនីមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ ដែលបានធ្លាក់ត្រឹមវគ្គដ៏សំខាន់ខាងលើ។
យ៉ាងណាមិញ បន្ទាប់ពីបរាជ័យក្រោមថ្វីដៃកីឡាការិនីជប៉ុន Orie HIDA គេមិនទាន់ដឹងថា កីឡាការិនីដ៏ស្រស់ស្អាត ស្រួង ភាវី ត្រូវទទួលបានចំណាត់ថ្នាក់លេខ៣ ស្ទួន (មេដាយសំរឹទ្ធ) ឬត្រូវជួបកីឡាការិនីបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយសំរឹទ្ធនោះទេ ស្របពេលកីឡាការិនីម្ចាស់ផ្ទះតួកគី និងកីឡាការិនីហូឡង់ ពេលនេះកំពុងធ្វើការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ ដើម្បីឡើងទៅជួបកីឡាការិនីជប៉ុននៅឡើយ៕