(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសដាក់ឱ្យអនុវត្តចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» លើកទី១ ក្នុងគោលបំណងចូលរួមថែរក្សាបរិស្ថាន សោភ័ណភាព និងភាពស្អាតនៅតាមទីតាំងផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ព្រមទាំងតំបន់គោលដៅទេសចរណ៍នៅកម្ពុជា ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោក ជា បូរ៉ា បានលើកឡើងថា ក្នុងរបត់ និងនិន្នាការថ្មីរបស់ទេសចរអន្តរជាតិ បាននិងកំពុងងាកទៅយកចិត្តទុកដាក់លើបទពិសោធន៍ ដែលទទួលបានពីសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បន្ថែមពីលើបទពិសោធន៍ដទៃទៀត នៅតាមតំបន់គោលដៅទេសចរណ៍នានា ដែលទេសចរបានទៅកម្សាន្ត។ ជាក់ស្តែង យោងតាមការសិក្សាស្រាវជ្រាវរបស់សមាគមម្ហូបអាហារ និងទេសចរណ៍ពិភពលោក បានបង្ហាញថា ៧៥% នៃទេសចរដែលធ្វើដំណើរក្នុងគោលដៅសម្រាកលំហែ សម្រេចចិត្តជ្រើសរើសទៅកម្សាន្តនៅតំបន់គោលដៅណាមួយ អាស្រ័យលើភាពទាក់ទាញនៃម្ហូបអាហារនៅតំបន់នោះ។
ការសិក្សាក៏បានបង្ហាញថា ម្ហូបអាហារ និងភេសជ្ជៈ រួមចំណែកយ៉ាងចម្បងក្នុងការទាក់ទាញឱ្យភ្ញៀវទេសចរ ត្រលប់មកកម្សាន្តម្តងទៀតនៅតំបន់គោលដៅណាមួយ។ ក្នុងន័យនេះ គុណភាពម្ហូបអាហារ ពិសេសអនាម័យនៅភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ពិតជាទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួង មន្ទីរទេសចរណ៍ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ពិសេសពីសំណាក់ប្រតិបត្តិករផ្នែកភោជនីយដ្ឋាន និងអាហារដ្ឋានផ្ទាល់ ដើម្បីរួមចំណែកអនុវត្តជាយុទ្ធសាស្ត្រ សម្រេចឱ្យបាននូវចក្ខុវិស័យបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិចំនួន ១៥លាននាក់ និងទេសចរជាតិ ១៣លាននាក់ នៅឆ្នាំ២០៣០។
លោកបន្តថា បច្ចុប្បន្ន កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន រាំងស្ទះដល់សោភ័ណភាព ភាពស្អាត និងអនាម័យនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។ បញ្ហាទាំងនោះ រួមមាន៖ ទី១. តិបត្តិករទេសចរណ៍ជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍មួយចំនួន មិនទាន់បានអនុវត្តពេញលេញ នូវក្រមប្រតិបត្តិភោជនីយដ្ឋានទេសចរណ៍ស្អាតនៅឡើយ។ ទី២. សាធារណជនភាគច្រើនមិនទាន់មានទម្លាប់ទទួលខុសត្រូវ លើសំរាមរបស់ខ្លួននៅតុអាហារតាមភោជនីយដ្ឋាននៅឡើយ ពោលគឺពួកគាត់ចោលក្រដាសនៅក្រោមតុអាហារ ដែលជាទម្លាប់មិនល្អធ្វើឱ្យខូចសោភ័ណភាព។ និងទី៣. សាធារណជនមួយចំនួនធំមិនទាន់យល់ដឹងទូលំទូលាយ ពីផលប៉ះពាល់នៃការប្រើប្រាស់ក្រដាសឥតសន្សំសំចៃមកលើបរិស្ថាន។
ជាមួយគ្នានោះ លោក ជា បូរ៉ា បានផ្តាំផ្ញើអនុសាសន៍មួយចំនួនដល់ប្រតិបត្តិករពាក់ព័ន្ធ ដែលចូលរួមក្នុងចលនាប្រឡងប្រណាំងភោជនីយដ្ឋាន និងអាហារដ្ឋានស្អាត ដូចខាងក្រោម ៖
ទី១៖ ដើម្បីឱ្យភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ត្រូវចូលរួមឱ្យបានសកម្ម និងខិតខំដើម្បីទទួលជ័យលាភីជាភោជនីយដ្ឋានគំរូដោយត្រូវគិតគូរនិងយកចិត្តទុកដាក់លើការងារសំខាន់ៗ ២គឺ៖
* ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ។
* ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានមានបង្គន់អនាម័យស្អាត។
ទី២៖ ពាក់ព័ន្ធនឹងការហាមមិនឱ្យមានសំរាមជាក្រដាសក្រោមតុ៖ឯកឧត្តមបានស្នើឱ្យភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍៖
* ត្រូវមានធុងសំរាមដោយឡែកសម្រាប់តុអាហារនីមួយៗ ធុងសម្រាមត្រូវមានថង់ទ្រនាប់ ត្រូវផ្លាស់ប្តូររាល់ពេលថង់សំរាមពេញ និងត្រូវលាងសម្អាតជាប្រចាំ។
* ត្រូវណែនាំបុគ្គលិកបម្រើការទាំងអស់ ជួយជំរុញភ្ញៀវដែលចូលមកពិសារអាហារចោលសំរាមក្នុងធុងឱ្យបានត្រឹមត្រូវ មានន័យថាបុគ្គលិកត្រូវធ្វើជាគំរូដល់ភ្ញៀវ។
* ត្រូវបិទសារ ឬពាក្យស្លោករំឭកដល់ភ្ញៀវ អំពីបញ្ហាអនាម័យជាភាសាខ្មែរ ភាសារអង់គ្លេស និងភាសាចិន ឬភាសាបរទេសណាមួយ។
* មិនត្រូវលើកទឹកចិត្តផ្តល់ក្រដាសជូតមាត់ជូនភ្ញៀវឡើយ ដោយត្រូវប្រើប្រាស់កន្សែងជំនួសវិញ។
* ត្រូវជ្រើសរើសម៉ាកក្រដាសជូតមាត់ ដែលផលិតពីក្រដាសប្រើប្រាស់រួច ជាជាងក្រដាសផលិតពីដើមឈើផ្ទាល់ ដើម្បីចូលរួមថែរក្សាបរិស្ថាន។
ទី៣៖ ពាក់ព័ន្ធនឹងការងារអនាម័យ និងភាពស្អាតបង្គន់នៅភោជនីយដ្ឋាន ត្រូវមានអ្នកប្រចាំការ និងថែទាំសម្អាតឱ្យបានច្បាស់លាស់ និងជាប្រចាំ ធានាកុំឱ្យមានក្លិន និងត្រូវមានសម្ភារប្រើប្រាស់ក្នុងបង្គន់ឱ្យបានល្អ និងគ្រប់គ្រាន់ ស្របតាមស្តង់ដាបង្គន់សាធារណៈកម្ពុជា។
ទី៤៖ ឯកឧត្តមបានស្នើសុំឱ្យប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ ចូលរូមចុះឈ្មោះស្នើសុំកូនសៀវភៅ (Green Passport) ដើម្បីវាយតម្លៃចលនាប្រឡងប្រណាំងភោជនីយដ្ឋានស្អាត អាហារដ្ឋានទេសចរណ៍ស្អាត ។
សូមជម្រាបថា ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត» លើកដំបូងនេះ ក៏ជាសារមួយក្រើនរំឭក និងប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រងសំរាមនៅតុអាហារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសោភ័ណភាព និងភាពស្អាត ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព៕