Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh News ត្រូវបានអញ្ជើញចូលរួម ក្នុងវេទិកាវិថីសូត្រសមុទ្រសតវត្សទី២១ ស្ដីពីទំនាក់ទំនងអន្តរជាតិលើវិស័យព័ត៌មាន ដែលមានជិត២០ប្រទេសចូលរួម

20-09-2018 17:29

(ក្វាងទុង)៖ ជាមួយវត្តមានស្ថាប័នព័ត៌មានធំៗ ជុំវិញពិភពលោក អង្គភាពព័ត៌មាន Fresh News ដែលជាស្ថាប័នសារព័ត៌មានឈានមុខមួយនៅកម្ពុជា ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ក្នុងវេទិកាវិថីសូត្រសមុទ្រ សតវត្សរ៍ទី២១ ស្ដីពីទំនាក់ទំនងអន្តរជាតិលើវិស័យព័ត៌មាន នៅទីក្រុងជូហៃ (Zhuhai) នៃខេត្តក្វាងទុង (Guangdung) សាធារណរដ្ឋប្រជាមានិតចិនផងដែរ។

វេទិកាអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពីតំណាងស្ថាប័នព័ត៌មានជិត២០ប្រទេស មកពីតំបន់អាស៊ី និងអឺរ៉ុប រួមមាន៖ កម្ពុជា អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ម៉ាល់ឌីវ បង់ក្លាដេស នេប៉ាល់ ស្រីលង្កា ឥណ្ឌា ហ្វីលីពីន ឡាវ ម៉ាឡេស៊ី ហ្វីជី មិចស៊ិក សិង្ហបុរី រុស្ស៊ី កូរ៉េខាងត្បូង ហុងគ្រី អ៉ីតាលី ប៉ាពូញូហ្គីណេ ក្នុងនោះមានប្រធានស្ថាប័ន និងអ្នកជំនួញជាង៤០រូប ហើយសម្រាប់កម្ពុជាមានតែអង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមដឹកនាំដោយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News។

នៅមុនដំណើរការវេទិកាវិថីសូត្រសមុទ្រ សតវត្សរ៍ទី២១ ស្ដីពីទំនាក់ទំនងអន្តរជាតិលើវិស័យព័ត៌មាននេះ លោក លឹម ជាវុត្ថា ក៏បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មានដ៏ល្បីរបស់ចិន CRI ( China Radio International) ដែលកំពុងប្រតិបត្តិការជិត២០០ប្រទេសជុំវិញពិភពលោក និងផ្សាយចំនួន៦៥ភាសា។

គួរបញ្ជាក់ថា វេទិកាវិថីសូត្រសមុទ្រ សតវត្សរ៍ទី២១ ស្ដីពីទំនាក់ទំនងអន្តរជាតិលើវិស័យព័ត៌មាននេះ ត្រូវបានរៀបចំដោយរដ្ឋបាលខេត្តក្វាងទុង សហការជាមួយស្ថាប័នព័ត៌មានល្បីៗរបស់រដ្ឋចិន (China Media Group) រួមមាន៖ CCTV, CNR, CRI៕