Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិ និង IMF រៀបចំសន្និសីទស្ដីពី «ត្រីវិស័យឆ្ពោះទៅកាន់ពិពិធកម្ម និងការផ្លាស់ប្ដូរចរនាសម្ព័ន្ធសេដ្ឋកិច្ច» ដើម្បីឆ្ពោះទៅរក​ការអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែប្រសើរឡើង

20-09-2018 17:27

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសហការរួមគ្នាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រៀបចំសន្និសីទស្ដីពី «ត្រីវិស័យឆ្ពោះទៅកាន់ពិពិធកម្ម និងការផ្លាស់ប្ដូរចរនាសម្ព័ន្ធសេដ្ឋកិម្ម» ដើម្បីពិភាក្សាគ្នាស្វែងរក ដំណោះស្រាយ ​ក្នុងការអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែប្រសើរឡើង។

សន្និសីទស្ដីពី «ត្រីវិស័យឆ្ពោះទៅកាន់ពិពិធកម្ម និងការផ្លាស់ប្ដូរចរនាសម្ព័ន្ធសេដ្ឋកិច្ច» ធ្វើឡើងក្រោមការចូលរួមពី លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក Markus Rodlauer អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ រួមទាំងមន្រ្ដីនៃស្ថាប័នទាំង២ជាច្រើនរូប។

សូមជម្រាបថា គោលបំណងនៃសន្និសីទនេះ ធ្វើឡើងដើម្បីផ្ដល់វេទិកាសម្រាប់អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញជាតិ និងអន្ដរជាតិជួបពិភាក្សាអំពីបញ្ហាប្រឈមចម្បងៗ ដែលត្រូវបានដោះស្រាយ ក្នុងការឈានទៅដំណាក់ការបន្ទាប់ពីការអភិវឌ្ឍន៍ និងស្វែងរកដំណោះស្រាយ គោលនយោបាយសម្រាប់កម្ពុជា។

ក្នុងសន្និសីទថ្ងៃនេះស្ថាប័នទាំង២ បានលើកយកប្រធានបទសំខាន់ៗចំនួន២យ៉ាងមកពិភាក្សារួមមាន៖

១៖ ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាព ការប្រកួតប្រជែង និងពិពិធកម្ម ដើម្បីប្រើប្រាស់សក្ដានុពលរបស់កម្ពុជា។
២៖ ការពិនិត្យមើលបទពិសោធន៍ ដែលកម្ពុជាអាចទទួលយកពីអន្ដរជាតិ ក្នុងដំណើរការវិវត្តនផ្នែករចនាសម្ព័ន្ធ នៃដំណាក់កាលថ្មី នៃការអភិវឌ្ឍន៍ដោយវាគ្មិនល្បីៗជាច្រើនរូប។

ក្នុងនោះដែរធនាគារជាតិនៃកម្ពុជា និង IMF បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកបណ្ដិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញចូលរួម​ក្នុងកម្មវិធីថ្ងៃនេះផងដែរ៕