(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង ចុះអនុវត្តដីកាលេខ៣២០ ដចខ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ចេញដោយចៅក្រមស៊ើបសួរ លោក គឹម ម៉េង បានចាប់ខ្លួនស្រ្តីម្នាក់តាមដីកាតុលាការពីបទលំលោភទំនុកចិត្ត ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៧នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចប្រគល់ឱ្យសមត្ថកិច្ចនគរបាលខេត្តនាំយកត្រឡប់ទៅវិញ។
យោងតាមលោកឧត្តមសេនីយ៍ ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះថា នៅចំនុចភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត កម្លាំងនគរបាល បានអនុវត្តដីកាចាប់ខ្លួនលេខ៣២០ ដចខ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ដោយសាលាដំបូងខេត្តកណ្ដាល បញ្ជាឱ្យចាប់ខ្លួនឈ្មោះ ស៊ឹម ឡុង ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវចោទពីបទរំលោភទំនុកចិត្ត ដែលប្រព្រឹត្តនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ក្រោយបានចុះអនុវត្តហើយកម្លាំងនគរបាល បានបញ្ជូនជនល្មើសឱ្យទៅកម្លាំងនគរបាលខេត្តកណ្ដាល ដើម្បីនាំខ្លួនទៅខេត្តកណ្តាលវិញដើម្បីចាត់ការបន្តតាមនិតិវិធី៕