(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកក្រុមការងារ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាសាខាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់កន្លងមកចំនួន១,៦៨៥ គ្រួសារនៃស្រុកចំនួន២ គឺស្រុកវើនសៃ និងស្រុកតាវែង ខេត្តរតនគិរី។
ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយស្របតាមប្រធានបទ« កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
លោកវេជ្ជបណ្ឌិតក៏បានផ្ដាំផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ខិតខំថែរក្សាសុខភាពឱ្យបានល្អ មានអនាម័យក្នុងការរស់នៅ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត សម្រាន្តក្នុងមុងជានិច្ច ការពារកុំឱ្យមូសខាំ ជាហេតុនាំឱ្យកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព លេបថ្នាំឱ្យបានទៀងទាត់ទៅតាមការណែនាំរបស់គ្រូពេទ្យ និងប្រកបរបរចិញ្ចឹមជីវិតឡើងវិញនៅពេលទឹកស្រក ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារឱ្យបានប្រសើរឡើង។
អំណោយដែលបានផ្ដល់ជូន ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេះ ត្រីខ ១០កំប៉ុង មុង១ សារុង១ ភួយ១ ក្រមា១ អាវយឺត១ និងថវិកាមួយចំនួន៕