(ភ្នំពេញ)៖ មុខសញ្ញា២នាក់ជាចោរឆក់កាបូប, ទូរស័ព្ទដៃ, កុំព្យូទ័រ និងឆក់ខ្សែកតាមដងផ្លូវសាធារណៈ បានសម្រេចចំនួន៧លើកមកហើយ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ មកទល់ពេលនេះ ត្រូវអស់ល័ក្ខជាប់ខ្នោះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ នៅខាងមុខខ្លោងទ្វារវត្តឃ្មួញ លើកំណាត់ផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ នេះបើយោងតាមរបាយការណ៍តាមស៉ើបអង្កេត ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញទាំង២នាក់ ដើម្បីយកមកធ្វើការសាកសួជាច្រើនម៉ោង ពួកគេបានឆ្លើយសារភាពថា កន្លងមកធ្លាប់បានធ្វើសកម្មភាពឆក់កាបូប, ទូរស័ព្ទដៃ, កុំព្យូទ័រ និងឆក់យកខ្សែក តាមដងផ្លូវសាធារណៈ បានសម្រេចចំនួន៧លើកមកហើយ ក្នុងនោះរួមមាន៖ លើកទី១- ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនសូគីម៉ិច ទល់មុខសាលាបឋមសិក្សាពោធិ៍ចិនតុង តាមបណ្ដោយផ្លូវសហពន្ធ័រុស្សី ក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
លើកទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខហាងលក់បាយយីហោសុខហុក ផ្លូវលេខ១០១៩ ក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
លើកទី៣៖ (ឆក់យកទូរស័ព្ទដៃ) នៅចំណុចខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
លើកទី៤៖ (ឆក់កាបូបដាក់កុំព្យូទ័រ) នៅចំណុចលើស្ពានអាកាសផ្សារដីហុយ លើកំណាត់ផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។
លើកទី៥៖ (ឆក់យកខ្សែក) នៅចំណុចមុខផ្សារទឹកថ្លា លើផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨។
លើកទី៦៖ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចខាងមុខស្ថានីយ៍ប្រេង PTT លើផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨។
លើកទី៧៖ ឆក់កាបូបក្រវ៉ាត់ចង្កេះ នៅចំណុចមុខអនុវិទ្យាល័យ១០០ខ្នង លើកំណាត់ផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨។
លោកវរសេនីយ៍ឯកនាយការិយាល័យ ប៊ុន សត្យា បានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានក្នុងបទល្មើសឆក់មានស្ថានទម្ងន់ទោសនោះមានឈ្មោះ សុខ សី ហៅវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ឈឿន ក្រពុំ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រីឯភស្តុតាងដែលចាប់យកបានពីជនសង្ស័យមានខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង ១៥ សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះឈ្មោះ យ៉ន សំបូរ ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ក្នុងភូមិឯករាជ្យ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបានបាត់បង់សម្ភារដូចជា ខ្សែកមានទម្ងន់៥ជី១ខ្សែ, ខ្សែដៃមាសទម្ងន់៥ជី១ខ្សែ, ប្រាក់រៀល ចំនួន៦០ម៉ឺនរៀល, ប្រាក់ដុល្លារ ចំនួន៦០ដុល្លារអាមេរិក, កាត ATM ចំនួន១ រួមជាមួយសម្ភារមួយចំនួន។
ចំពោះជនរងគ្រោះម្នាក់ទៀតឈ្មោះ ប៉ុល សារ៉ាន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បានបាត់បង់សម្ភារ មានកាបូបក្រវ៉ាត់ចង្កេះចំនួន១, ប្រាក់រៀល ចំនួន២លានរៀល និងរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្សី ដែលមិនអាចមកដាក់ពាក្យបណ្តឹងបាន។
ទោះបីយ៉ាងណា ជនសង្ស័យជាចោរឆក់យ៉ាងសកម្មទាំង២នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕