(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី កាវ៉ាវ៉ាគី (Ms. Kawawaki) អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB (Deputy Director General, Southeast Asia Department, ADB) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
គោលបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកស្រីត្រូវជួបសវនាការការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាបន័ផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីឧទេ្ទសនាមលោកស្រី Sunniya Durrani-Jamal ជានាយកស្ថានតំណាងថ្មីរបស់ ADB ប្រចាំនៅកម្ពុជា ដែលបន្តបេសកម្មការងារពី លោក Samiuela Tukuafu ដែលបានចប់បេសកកម្មនៅកម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងមក និងពិភាក្សាការងារជាមួយបុគ្គលិក របស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ច នៅកម្ពុជារបស់គណៈប្រតិភូ ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា ។
លោកស្រី កាវ៉ាវ៉ាគី ក៏បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ជាពិសេសកោតសរសើរខ្ពស់ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង៧ដង គឺពីប្រមាណជាង២០០ដុល្លារអាមេរិក នៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១,៥០០ដុល្លារអាមេរិក នៅឆ្នាំ ២០១៨ ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី កាវ៉ាវ៉ាគី បន្ថែមទៀតថា ដើម្បីអាចបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលមិនត្រឹមតែសម្រាប់ដោះស្រាយ នូវបញ្ហាប្រឈមខាងលើនោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនសម្រាប់ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មី នៃសេដ្ឋកិច្ចសកលលោកផងដែរ ។
ឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦, ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលត្រូវដើរតាម យុទ្ធសាស្រ្តឆ្នាំ ២០៣០ (ADB Strategy 2030) របស់ ADB ហើយត្រូវមានសង្គតិភាពជាមួយនឹង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរចំពោះ ADB ដែលនៅតែ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា និងបានជូនពរដល់លោកស្រី កាវ៉ាវ៉ាគី បេសកកម្មការងាររបស់ខ្លួននៅប្រទេសកម្ពុជា ឱ្យបានជោគជ័យ៕