(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា (MOEYS) រួមជាមួយអង្គការវីអេសអូ (VSO) និងអង្គការយូនីសេហ្វ (UNICEF) បានរៀបចំសិក្ខាសាលាមួយស្ដីពី ការកសាងភាពជាដៃគូ ដែលជាផ្នែកមួយចាប់ផ្ដើមជាផ្លូវការនៃគម្រោង «ភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាព» ឡើងក្នុងគោលបំណងពង្រឹងគុណភាពការអប់រំកម្រិតបឋមសិក្សានៅកម្ពុជា ក្នុងការបង្កើនសមត្ថភាពមន្ត្រីអប់រំថ្នាក់សាលារៀន ថ្នាក់ស្រុក-ខេត្តផងដែរ។
ក្នុងសិក្ខាសាលានេះដែរ បានរៀបចំឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយក្រសួងអប់រំ ក៏ដូចជាអង្គការវីអេសអូ (VSO) និងអង្គការយូនីសេហ្វ (UNICEF) បានធ្វើការប្ដេជ្ញាចិត្តក្នុងកិច្ចពង្រឹងភាពជាអ្នកដឹកនាំ ព្រមទាំងការគ្រប់គ្រងដល់មន្ត្រីអប់រំ ដើម្បីឲ្យមានសមត្ថភាពពេញលេញ ក្នុងការផ្ដល់សេវាអប់រំ ដែលប្រកបដោយគុណភាព ការរួមបញ្ចូលគ្នា និងដោយសមធម៌ ទៅដល់សិស្សានុសិស្សទាំងអស់នៅកម្ពុជា។
លោកស្រី ថាន សេដ្ឋារ័ត្ន អគ្គនាយករង នាយកដ្ឋានផែនការបានឲ្យដឹងថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអប់រំនៅកម្ពុជា មានការប្រែប្រួលល្អប្រសើរទាំងគុណភាព និងបរិមាណ ហើយសមត្ថភាពរបស់មន្ត្រី និងបុគ្គលិកសិក្សានៅតាមគ្រឹះស្ថានសិក្សានានា ក៏ត្រូវបានពង្រឹង និងអភិវឌ្ឍផងដែរ។ លទ្ធផលទាំងនេះបានស្ដែងចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះមូលនិធិភាពជាដៃគូ សម្រាប់អភិវឌ្ឃន៍សមត្ថភាពវិស័យអប់រំ ដែលយើងហៅកាត់ថា (CDPF) ក៏បានរួមចំណែកយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យអប់រំនេះ»។
លោកស្រីបានបញ្ជាក់ថា ការអនុវត្តការងាររួមគ្នានេះ នឹងនាំឲ្យប្រព័ន្ធអប់រំទាំងមូលកាន់តែ មានភាពល្អប្រសើរចាប់តាំងពីថ្នាក់កណ្ដាល ដល់ថ្នាក់មូលដ្ឋាន ជាពិសេសបានរួមចំណែកក្នុងការកែទម្រង់វិស័យអប់រំ។ ថ្ងៃនេះ មន្ត្រីតំណាងមកពីការិយាល័យអប់រំខេត្ត បានមកជួបជុំគ្នានៅក្នុងសិក្ខាសាលាមួយនេះ គឺដើម្បីជាមធ្យោបាយមួយឆ្ពោះទៅកាន់ការអនុវត្តគម្រោងភាពជាដៃគូសម្រាប់អភិវឌ្ឍន៍សមត្ថភាពរបស់អង្គការវីអេសអូ (VSO) ក្នុងស្រុកចំនួន ២៤នៃខេត្តគោលដៅថ្មីចំនួន៨ផងដែរ។
លោក Guillaume Sauval នាយកប្រចាំប្រទេស អង្គការវីអេសអូ បានឲ្យដឹងថា «ការវាយកម្លៃមុនៗ នៃមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព បានរកឃើញនូវចំណុចសំខាន់ៗលើលទ្ធផលអប់រំ ពាក់ព័ន្ធនឹងការចូលរួមរបស់សាលា ការកាត់បន្ថយការបោះបង់ការសិក្សា និងគុណភាពអប់រំ ក៏ដូចជាការធ្វើផែនការអប់រំប្រចាំឆ្នាំ ព្រមទាំងការគ្រប់គ្រងព័ត៌មាន។ ការរួមចំណែករបស់អង្គការវីអេសអូ ពិតជាពិសេសខុសពីគេ ហើយអ្នកស្ម័គ្រចិត្តអន្តជាតិ ដែលជាអ្នកផ្ដល់ប្រឹក្សាយោលបល់ការគ្រប់ផ្នែកអប់រំ (EMAs) ព្រមទាំងអ្នកស្ម័គ្រចិត្តជនជាតិកម្ពុជា ត្រូវបានដាក់បញ្ចូលនៅតាមការិយាល័យអប់រំខេត្ត និងស្រុក ដើម្បីជួយពួកគេក្នុងការបង្កើតឡើងនូវការយល់រួមគ្នាមួយ និងជួយសម្រួលទៅលើការគាំទ្របច្ចេកទេស និងការប្រឹក្សាយោបល់»៕