(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង និងលោកស្រីទី០១ Peng Liyuan បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នៅទីក្រុងប៉េកាំង នៅថ្ងៃពុធ ម្សិលមិញនេះ ជាមួយការប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវ ទំនាក់ទំនងមហាមិត្តកម្ពុជា-ចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ពេលនេះកំពុងស្ថិតនៅប្រទេស ចិនដើម្បីត្រួតពិនិត្យព្រះរាជសុខភាព។លោក ស៉ី ជិនពីង បានជូនពរឱ្យព្រះបាទ នរោត្ដម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសុខភាពល្អ និងរីករាយក្នុងឱកាសស្នាក់នៅប្រទេសចិន។
នៅក្នុងជំនួបនោះដែរ លោក ស៉ី បានលើកឡើងដូច្នេះថា៖ «ខ្ញុំចូលគាល់ ព្រះមហាក្សត្រ បរមនាថ នរោត្ដម សីហមុនី និងព្រះវររាជមាតាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មក រហូតមកទល់នឹងបច្ចុប្បន្នប្រៀបបាន ទៅនឹងការជួបជុំគ្រួសារតែមួយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោតសកលកាលពីកក្កដាកន្លងទៅ ដោយលោកថែមទាំងរំពឹងទៀតថា កម្ពុជានឹងទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្ដម ស៉ីហមុនី និងក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដែលមាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន ជាប្រមុខ៕