(សៀមរាប)៖ លក្ខណៈពិសេស នៃបាតុភូតដ៏អស្ចារ្យ ដែលតាមការសិក្សារបស់អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា សមរាត្រីនារដូវវស្សាឆ្នាំ២០១៨នេះ ប្រហែលនឹងត្រូវចំថ្ងៃអាទិត្យ ១៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។
សម្រាប់ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀតសមរាត្រី ជាវេលាដែលថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។
ជាករណីពិសេសនៅអង្គរវត្ត វេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យតែងតែរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ នៃសមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញានេះ ដែលអ្នកទស្សនាអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច) ប្រហែលចាប់ពីម៉ោង៥៖៥០នាទី ដល់ម៉ោងប្រហែល៧ព្រឹក។ សង្ឃឹមថា អាកាសធាតុនឹងអំណោយផលសម្រាប់ការផ្តិតយករូបភាពរបស់ថ្ងៃរះ ជាមួយប្រាសាទអង្គរវត្តដ៏ស្អាតអស្ចារ្យ៕