(កណ្តាល)៖ យ៉ាងហោចណាស់មាន ប្រជាពលរដ្ឋ១០គ្រួសារ រស់នៅភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល បានកើតទុក្ខមិនសុខចិត្តចំពោះលោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដែលមិនជួយសម្របសម្រួល ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិលក់ដូរដីរបស់ពួកគាត់ ដែលមានផ្ទៃដីសរុប១៧ហិកតា បើទោះបីជាមេភូមិ មេឃុំ បានបញ្ជាក់ថា ដីនោះមិនមានពាក់ព័ន្ធដីរដ្ឋអ្វីទាំងអស់ក្តី។
ក្នុងលិខិតរបស់ប្រជាពលរដ្ឋ ដែលគោរពជូនលោក ហ៊ុន ម៉ាណែត ស្នើឲ្យជួយដោះស្រាយជូនពួកគាត់, ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា ដីស្រែរបស់ពួកគាត់ទាំង១៧ហិកតានោះ បានកាន់កាប់តាំងពីឆ្នាំ១៩៨០មកម្ល៉េះ ហើយត្រូវបានអាជ្ញាធរភូមិឃុំទទួលស្គាល់។ ដោយហេតុពួកគាត់មានជីវភាពខ្វះខាតទើប សម្រេចចិត្តលក់ ផ្ទេរកម្មសិទ្ធិដើម្បីដោះស្រាយជីវភាព, ឲ្យកូនៗបានបន្តការសិក្សា និងព្យាបាលជំងឺ។
ប៉ុន្តែជាអកុសលនៅពេល ផ្ទេរកម្មសិទ្ធិអាជ្ញាធរភូមិ ឃុំ សុទ្ធតែចេញលិខិតឲ្យពួកគាត់ លើកលែងតែលោក ភឹម ភីរ៉ា អភិបាលស្រុកប៉ុណ្ណោះ មិនព្រមចុះហត្ថលេខានោះឡើយ ដោយលើកហេតុផលថា ដីរបស់ពួកគាត់ស្ថិតក្នុងទីតាំងអាងទឹករបស់រដ្ឋ ដែលគ្រប់គ្រងដោយក្រសួងធនធានទឹក បើទោះបីជាមេភូមិ និងមេឃុំអះអាងថា មិនមែនជាដីស្ថិតក្នុងតំបន់អាងទឹករបស់រដ្ឋក្តី។
ក្នុងលិខិតរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា «មុនពេលដែលលោកអភិបាលស្រុកថា ជាដីអាំងទឹក មានមនុស្សដែលស្និទ្ធនឹងលោកអភិបាលស្រុក បានមកសុំទិញពីយើងខ្ញុំ ដោយឲ្យតម្លៃទាបបំផុត (០.៩ដុល្លារក្នុងមួយម៉ែត្រការ៉េ) ប៉ុន្តែយើងខ្ញុំពុំអាចលក់ជូនពួកគាត់បានទេ ព្រោះយើងខ្ញុំបានជាប់កិច្ចសន្យាលក់ឲ្យអ្នកផ្សេងក្នុងតម្លៃ១.៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េទៅហើយ។ ដោយហេតុនេះហើយ ទើបលោកអភិបាលស្រុក មិនពេញចិត្តក៏បង្កើតពាក្យថា ដីនេះជាអាងទឹកពុំអាចលក់ដូរបាន»។
លើសពីនេះទៅទៀតនោះ ប្រជាពលរដ្ឋបានចោទលោកអភិបាលស្រុកថា បានសន្យាបោកប្រាស់ពួកគាត់ ដោយមុនបោះឆ្នោត លោក ភឹម ភីរ៉ា ធ្លាប់បានសន្យាថា បើសិនបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្នុងឃុំ ស្រុកបានឈ្នះ លោកនឹងតបស្នងជួយប្រជាពលរដ្ឋវិញមិនខាន។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកពុំបានបំពេញតាមការសន្យានោះទេ ពិសេសរឿងដីធ្លីនេះ បែរជាមានអះអាងថាជាដីអាងទឹកទៅវិញ។
ពាក់ព័ន្ធករណីនេះ លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯក បានថ្លែងប្រាប់ Fresh News តាមទូរស័ព្ទថា ដី១៧ហិកតាដែលប្រជាពលរដ្ឋចង់លក់នោះ ជាដីសាធារណៈរបស់រដ្ឋ ជាដីអាងទឹក របស់ក្រសួងធនធានទឹក។ លោកថា លោកបានឲ្យអភិបាលស្រុករងម្នាក់ ដោះស្រាយជាមួយប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋទាំងនោះនៅតែតវ៉ាទៀត លោកនឹងបញ្ជូនករណីនេះ ទៅថ្នាក់ខេត្តឲ្យដោះស្រាយវិញ។
លោកនិយាយថា «យើងបានពន្យល់ជូនពួកគាត់ហើយថា ដីនោះជាដីអាងទឹករបស់រដ្ឋមិនអាចផ្ទេរសិទ្ធិបានទេ។ គាត់នៅយកលេសថា ម៉េចប្រជាពលរដ្ឋផ្សេងផ្ទេរសិទ្ធិបាននៅឃុំព្រៃកឬស្សីហ្នឹង បើសិនជាដីហ្នឹងមិនចូលជាដីរបស់រដ្ឋយើងផ្ទេរសិទ្ធិជូនពួកគាត់ យើងអត់មានពាក់ព័ន្ធនៅពីក្រោយខ្នងអីទេ ប៉ុន្តែដីនេះជាដីបង្កបង្កើនផលរបស់គាត់ពីមុនមែន ប៉ុន្តែជាដីនៅក្នុងអាងទឹក របស់រដ្ឋទាំងអស់ទាំង១៧ហិកតា ដែលខ្ញុំបានសុំឲ្យមន្ទីរធនធានទឹក គេទម្លាក់ឲ្យខ្ញុំប៉ុន្មានថ្ងៃមុន មុននឹងខ្ញុំហៅគាត់មកដោះស្រាយ»។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា តាមការសួរនាំមក តំបន់ដែលប្រជាពលរដ្ឋបង្កបង្កើនផលជាយូរឆ្នាំមកនោះ គឺស្ថិតនៅក្នុងអាងទឹក «ចាក់ក្អែក»។
ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ជាកន្លែងស្ថិតនៅក្នុងតំបន់អាងទឹក របស់ក្រសួងធនធានទឹក ក៏ពិតមែន តែក្រសួងមិនទាន់បានធ្វើការជួសជុលនោះឡើយ ហើយវាមានលក្ខណៈគោករាក់យូរមកហើយ ហេតុដូច្នេះទើបប្រជាពលរដ្ឋ បានបង្កបង្កើនផលតាំងយូរយាមកនោះ។
បើតាមអ្នកនាំពាក្យរូបនេះ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ អាជ្ញាធរស្រុកគួរតែបញ្ជូនសំណើរ និងរាយការណ៍មកអភិបាលខេត្តកណ្តាល ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីបញ្ជូនមន្រ្តីចុះទៅវាយតម្លៃជាក់ស្តែងថា តើគួរប្រគល់ជូនប្រជាពលរដ្ឋឬយ៉ាងណា?
ប្រជាពលរដ្ឋទាំងនេះ បានលើកឡើងថា បើគាត់ធ្វើស្រែងតាំងពីណាពីណីមកហើយទៅនោះ អាជ្ញាធរមូលដ្ឋានគួរតែមានការសម្រេចកាត់ឲ្យពួកគាត់ហើយ បើដីត្រឹមទំហំប៉ុណ្ណឹងចាំតែថ្នាក់ខេត្តៗ ចឹងអាជ្ញាធរមូលដ្ឋានត្រឹមស្រុក គ្មានការងារធ្វើនោះទេ។
ម្យ៉ាងទៀតសម្រាប់មេឃុំ និងមេភូមិ ដែលនៅមូលដ្ឋានជាប់ជាមួយប្រជាពលរដ្ឋ បានទទួលស្គាល់ទៅហើយនោះ ដូច្នេះគួរតែលោកអភិបាលស្រុក ជួយបញ្ចប់បញ្ហាជូនពួកគាត់ ដូចតាមការសន្យារបស់ខ្លួន នៅមុនថ្ងៃបោះឆ្នោត ឬមួយគ្រាន់តែជាការបោកពាក្យសំដីដើម្បីចង់បានសម្លេងឆ្នោតទេ? នេះជាការលើកឡើងបន្ថែមពីប្រជាពលរដ្ឋ៕