(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកដល់សុខុមាលភាព សហគមន៍តាមរយៈការបណ្តុះបណ្តាល ផ្នែកហិរញ្ញវត្ថុ ក្នុងការបង្កើនចំណេះដឹង ផ្នែកហិរញ្ញវត្ថុដល់សហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បាននឹងកំពុងធ្វើការចែករំលែក នូវបទពិសោធន៍ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ទៅកាន់អតិថិជនជាច្រើន នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួន នៅក្នុងប្រទេសកម្ពុជា។
បើតាមលោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានថ្លែងថា «យើងមិនត្រឹមតែផ្តល់នូវដំណោះស្រាយ ផ្នែកហិរញ្ញវត្ថុដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ថែមទាំងផ្តោតសំខាន់ ចំពោះការថែរក្សា សុខុមាលភាពរបស់សហគមន៍ផងដែរ»។
ប្រធានអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត រូបនេះ បានបន្ថែមថា ចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ចំពោះសុខុមាលភាពសង្គមរបស់អតិថិជន ក៏ដូចជាជំរុញការរីកចម្រើនរយៈពេលវែង របស់ពួកគាត់។
លោកឧកញ៉ា ហួត អៀងតុង បានបញ្ជាក់ថា «ការសន្សំប្រាក់ គឺជាចំណេះដឹង ដ៏សំខាន់បំផុតសម្រាប់ពួកគាត់ ព្រោះពួកគាត់អាចសន្សំប្រាក់ សម្រាប់ការសិក្សារបស់បុត្រធីតា ការសន្សំប្រាក់សម្រាប់អាជីវកម្មខ្នាតតូច និងសម្រាប់គោលបំណងផ្សេងៗ ទៀតជាច្រើន»។
សូមជម្រាបថា គោលបំណង នៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីធ្វើឲ្យជីវភាពរបស់សហគមន៍ធូធារជាងមុន តាមយៈការពង្រឹងគុណភាពជីវិតក៏ដូចជា ការទទួលបាននូវចំណេះដឹង នៃការគ្រប់គ្រងហិរញ្ញវត្ថុ។ ការជ្រើសរើសវគ្គសិក្សា នីមួយៗ ត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិ ពីតម្រូវការជាក់ស្តែងរបស់សហគមន៍ ថាតើគួរបណ្តុះបណ្តាល អំពីការគ្រប់គ្រងការសន្សំប្រាក់ ឬក៏ការគ្រប់គ្រងបំណុល។
កម្មវិធីនេះ ត្រូវបានចាប់ផ្តើម នៅខែកក្កដា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណជាង ១៥០នាក់ ហើយនឹងមានបំណងចាប់យកអ្នកចូលរូម រហូតដល់ ៣០០នាក់ នៅដល់បំណាច់ឆ្នាំ។ អ្នកចូលរួម ភាគច្រើន គឺជាមេគ្រួសារ សហគ្រិន និងមន្រ្តីរាជការ នៅកម្រិតមូលដ្ឋានជាដើម។
មុនដំបូងឡើយ ហត្ថាកសិករ បង្កើតវគ្គបណ្តុះបណ្តាល គ្រប់គ្រងហិរញ្ញវត្ថុនេះ នៅឆ្នាំ២០១២ ក្នុងខេត្តកំពង់ចាម ហើយកម្មវិធីនេះ ត្រូវបានធ្វើឡើងជាច្រើនដង មុនពេលដាក់ឲ្យដំណើរការឡើងវិញ នៅឆ្នាំ២០១៨៕