(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងថា មន្ត្រីនគរបាលទាំងអស់ត្រូវរកឱ្យឃើញនូវចំណុចខ្វះខាត និងត្រៀមធ្វើផែនការអនុវត្តន៍នូវអ្វីជាចំណុចខ្វះខាតទាំងអស់នោះបន្តទៀត ដើម្បីឱ្យប្រជាពលរដ្ឋ កាន់តែមានទំនុកចិត្តមកលើយើងថែមទៀត។
លោកថ្លែងបែបនេះនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី១ ឆ្នាំ២០១៨ និងទិសដៅការងារសម្រាប់ឆមាសទី២។
បន្ទាប់ពីបានស្តាប់នូវការលើកឡើងពីចំណុចខ្លាំង ចំណុចខ្សោយក៏ដូចជា លទ្ធផលការងារដែលធ្វើបាន និងទិសដៅសម្រាប់អនុវត្តន៍បន្តនៅតាមការិយាលយ័ជំនាញផ្សេងៗរួចមក លោក យិន ចំណាន បានអបអរសារទរ ចំពោះថ្នាក់ដឹកនាំក៏ដូចជា អស់លោកអធិការក្រុង ស្រុកទាំង៨ នាយការិយាល័យ នាយរងការិយាលយ័ អធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចប្រតិបត្តិការសម្រាប់ឆមាសទី១ ៦ខែដើមឆ្នាំ២០១៨។
លោកបានបន្ថែមទៀតថា «យើងទាំងអស់គ្នាត្រូវធ្វើការបូកសរុបហើយ ឆ្លុះបញ្ចាំងរកឱ្យឃើញនូវចំណុចខ្វះខាតមួយចំនួន ដើម្បីងាយស្រួល និងត្រៀមធ្វើផែនការអនុវត្តន៍នូវអ្វីជាចំនុចខ្វះខាតបន្តទៅទៀត ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការការពារ សន្តិសុខសណ្តាប់សង្គមជូនប្រជាពលរដ្ឋ ជូនប្រទេសជាតិឱ្យបានកាន់តែល្អប្រសើរធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់លើកងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារតែម្តង»។
លោក យិន ចំណាន បានលើកឡើងទៀតថា «ជាទូទៅយើងទាំងអស់គ្នាពិតជាបានខិតខំប្រឹងប្រែងហើយ បានធ្វើឱ្យខេត្តព្រះវិហារទទួលបានសុខសន្តិភាព ស្ថេរភាពទាំងសន្តិសុខនយោបាយ ទាំងសន្តិសុខសង្គម ធ្វើឱ្យប្រជាពលរដ្ឋប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត គ្មានការព្រួយបារម្ភ គ្មានការភយ័ខ្លាច ហើយប្រជាពលរដ្ឋកំពុងតែសំដែង និងបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងការជឿទុកចិត្តពីប្រជាពលរដ្ឋ ក៏ព្រោះតែអាកប្បកិរិយា សកម្មភាពរបស់កងកម្លាំងនគរបាល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បានរៀបចំឥរិយាបថបានយ៉ាងល្អសមរម្យ ទើបធ្វើឱ្យពួកគាត់ជឿទុកចិត្ត»។
ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ត្រូវបន្តប្រឹងប្រែង ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខេត្តព្រះវិហារ ជឿទុកចិត្តលើកងកម្លាំងនគរបាលរបស់យើងទាំងអស់។ ហើយលោកក៍សំដែងនូវការអបអរសារទរផងដែរ ដល់មន្ត្រីនគរបាលខេត្តដែលត្រូវបានបំពាក់ឋានន្តរស័ក្កិផងដែរ៕