(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី ចុះសួរសុខទុក្ខ និងឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៦ ក្នុងឱកាសនៃពិធីសម្ពោធសាលាអប់រំបរិយាបន្ន និងរៀបចំអាហារមួយពេលជូន កុមារពិការខ្សោយសតិបញ្ញា អូទីស្សឹម និងអាណាព្យាបាល រួមជាមួយគ្រូ អ្នកស្ម័គ្រចិត្ត សរុបចំនួន២៥០នាក់ នៃអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលមានអាសយដ្ឋានស្ថិតនៅក្នុងអនុវិទ្យាល័យអនុវត្តន៍ក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីមន្ត្រីកាកបាទក្រហមកម្ពុជា តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសប្បុរសជនជាច្រើននាក់ផងដែរ។
ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការស្តីទី បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងអាណិតស្រឡាញ់ចំពោះកុមារពិការ និងអាណាព្យាបាលទាំងអស់។
ទន្ទឹមនឹងនោះ សូមថ្លែងអំណរគុណ និងកោតសរសើរដល់គ្រូៗទាំងអស់ ដែលមានទឹកចិត្តអាណិត ស្រឡាញ់ និងបានថែទាំផ្តល់ការអប់រំ បណ្តុះបណ្តាល ចំពោះកុមារទាំងនេះដោយគ្មានការរើសអើង ដើម្បីអនាគតភ្លឺស្វាងរបស់ពួកគេ ហើយដែលនេះ ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការស្ដីទី បានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានផ្តាំផ្ញើឲ្យថែទាំសុខភាព ការហូបស្អាត រស់នៅស្អាត មានអនាម័យ គេងក្នុងមុងជានិច្ច ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ សូមគិតគូរពីសុវត្ថិភាពចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។ សូមកូនក្មួយសេពគប់មិត្តភក្តិល្អៗ ជៀសឆ្ងាយពីគ្រឿងញៀន ចេះរស់នៅដោយ សុខដុមរមនា សាមគ្គីភាព ចេះស្រឡាញ់គ្នាទៅវិញទៅមក និងរួមគ្នាដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
លោក ចាន់ សារិន នាយកអង្គការ បានថ្លែងនូវក្តីសោមស្សរីករាយជាទីបំផុត ដែលមានភ័ព្វវាសនាបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យកចិត្តទុកដាក់ លើកទឹកចិត្ត ជួយឧបត្ថម្ភជាបន្តបន្ទាប់ និងសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ដ៏កក់ក្តៅដល់កុមារពិការខ្សោយសតិបញ្ញា និងជនពិការទូទៅផងដែរ។
សូមបញ្ជាក់ថា អំណោយផ្តល់ជូនអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ រួមមាន ៖ មី៤០កេស ត្រីខ៨កេសធំ ទឹកក្រូច១៥កេស ទឹកសុទ្ធ ១៥កេស ទឹកត្រី២៤ដប ទឹកស៊ីអ៊ីវ២៤ដប ផ្លែឈើ២កេស ថវិកា៥លានរៀល និងអាហារមួយពេល មាន២៥តុ សម្រាប់កុមារ គ្រូ និងអាណាព្យាបាល។ ដោយឡែក គ្រូ២៧នាក់ ម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០ម៉ឺនរៀល។ រីឯកុមារពិការទាំង១៥០នាក់ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕