(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ នៅទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលយេនឌ័រ ក្នុងផែនការនិងស្ថិតិ ឆ្នាំ២០១៨ និងការផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ និងពិធីសារតាមជម្រើស នៅខេត្តឧត្តរមានជ័យ។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ, លោក ថុន ណុល សមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារយេនឌ័រ នៃក្រសួងផែនការ, ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីមន្ទីរផែនការ មកពី៨ខេត្តក្រុង រួមមាន៖ ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប និងកំពង់ធំ ចូលរួមសរុបប្រមាណ ១០០នាក់ផងដែរ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ក្រសួងផែនការ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា តែងតែគាំទ្រ ហើយនឹងនៅតែបន្តការគាំទ្រជានិច្ច ចំពោះសកម្មភាព និងការបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងបញ្ហាយេនឌ័រ។ លោកថា យេនឌ័រ គឺជាបញ្ហាដ៏សំខាន់មួយ ក្នុងចំណោមបញ្ហាសំខាន់ៗនានា ដែលកំពុងត្រូវបានយកចិត្តទុកដាក់ជាខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល និងអង្គការសង្គមស៉ីវិលនានា លើសកលលោក។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បាបន្តថា សកម្មភាពជាច្រើន ដែលសំដៅលើកស្ទួយសមភាពយេនឌ័រនៅក្នុងប្រទេស ត្រូវបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា រួមទាំងការរៀបចំច្បាប់ និងលិខិតបទដ្ឋាន ដែលការពារ និងលើកតម្កើងសិទ្ធិស្ត្រី ការបញ្រ្ជាបយេនឌ័រ ទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការ នៅគ្រប់កម្រិត ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការផ្តល់ឱកាស និងតួនាទីដល់ស្ត្រីជាដើម។ លោកមានជំនឿថា តាមរយៈការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព ជូនដល់មន្ត្រីរាជការជានារីនេះ នឹងផ្តល់ជូនដល់ពួកគាត់នាពេលអនាគត នូវឱកាសក្នុងការទទួលបាន ការជឿទុកចិត្តលើខ្លួនឯង និងការទទួលបាននូវតួនាទីភារកិច្ច និងចំណូលសមភាពជាមួយបុរស។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារយេនឌ័រ នសក្រសួងផែនការ ដែលបានផ្តួចផ្តើមគំនិត រៀបចំឡើងនូវសកម្មភាពនានា ពាក់ព័ន្ធនឹងយេនឌ័រ ជាដើម ដើម្បីអនុវត្តទៅតាមព្រះរាជានុសាសន៍ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដើម្បីពង្រឹងសមភាពយេនឌ័រ នៅក្នុងប្រព័ន្ធផែនការ និងស្ថិតិ ក្នុងក្រសួងផែនការ ផងដែរ។
ក្នុងឱកាសនេះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តដំណើរចុះតាមបណ្តាមូលដ្ឋាននានា ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ខេត្ត និងការរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមភូមិសាស្ត្រមួយចំនួន នៃខេត្តឧត្តរមានជ័យ និងបានចុះពិនិត្យមើលការបណ្តុះបណ្តាលរបស់ក្រសួងផែនការ អំពីកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីបម្រើដល់ការកំណត់អត្តសញ្ញាណឲ្យបានច្បាស់លាស់ អំពីភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងក្នុងតំបន់នេះ ក្នុងគោលដៅជួយបងប្អូនប្រជាពលរដ្ឋយើង ដែលមានកម្រិតជីវភាពក្រីក្រពិតប្រាកដ ឲ្យបានទទួលសេវារដ្ឋរួមទាំងការពិនិត្យព្យាបាលជម្ងឺ នៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ សំដៅរួមចំណែកលើកកម្ពស់ជីវភាពរបស់គាត់ ឲ្យមានភាពប្រសើរឡើង។
បន្ទាប់មកលោកទេសរដ្ឋមន្រ្តី បានអញ្ជើញចូលទស្សនាប្រាសាទតាមាន់ ដោយមានការទទួលពីឧត្តមសេនីយ៍ នាក់ វង្ស មេបញ្ជាការរងកងពល៤២ ប្រចាំតាមាន់ផងដែរ៕