(ក្រចេះ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តក្រចេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីទិវា មនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១តុលា ក្រោមប្រធានបទ «សមាគមមនុស្សចាស់ ជាយន្តការដ៏សំខាន់ជួយអភិវឌ្ឍន៍ ក្នុងការថែរក្សាវប្បធម៍ គ្រួសារ និងសង្គមជាតិ» នៅសាលមហោស្របខេត្ត។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួម ពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច លោកប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត និងមនុស្សចាស់ជាង៣០០នាក់ផងដែរ។
លោក ចាន់ សុគុណ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឱ្យដឹងថា នេះគឺជាទិវាដែលបណ្ដាប្រទេសទាំងអស់ លើពិភពលោក ដែលជាសមាជិកអង្គការសហប្រជាជាតិ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលសុទ្ធតែត្រូវបានយកចិត្តទុកដាក់ យ៉ាងខ្លាំងបំផុតក្នុងការប្រារព្ធទិវាមនុស្សចាស់កម្ពុជា ដោយកំណត់យកថ្ងៃ១តុលា ជារៀងរាលឆ្នាំ ស្របតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
លោកប្រធានមន្ទីរបន្ដថា ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ១តុលានេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរម្លឹកនូវគុណូបការៈ ដែលមិនអាចកាត់ថ្លៃបាន ព្រោះមនុស្សចាស់ គឺជាធនធានដ៏មានសារៈសំខាន់បំផុត ដែលកន្លងមកមនុស្សចាស់បានផ្ដល់ចំណេះដឹងបទពិសោធន៍ ជាច្រើនលើសលុប សម្រាប់មនុស្សជំនាន់ក្រោយជាបន្តបន្ទាប់ ហើយមនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សានូវសមិទិ្ធផលជាតិ ស្នាដៃប្រវត្តិសាស្រ្តទាំងឡាយសម្រាប់មនុស្សជាតិទូទៅ។
ក្នុងឱកាសនោះដែរលោក វ៉ា ថន ក៏បានលើកដែរឡើងថា មនុស្សចាស់ជាឃ្លាំងចំណេះដឹងជាឃ្លាំងប្រវត្តិសាស្រ្ត សម្រាប់ក្មេងជំនន់ក្រោយ មនុស្សចាស់បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនន់ក្រោយ ហើយយុវជនជំនាន់ក្រោយត្រូវតែដឹងគុណចំពោះមនុស្សចាស់មិនអាចបំភ្លេចបាន។
សូមបញ្ជាក់ថា ក្នុងពិធីប្រារពទិវាមនុស្សចាស់នេះ លោក ចាន់ សុគុណ បាននាំយកអំណោយចែកជូនមនុស្សចាស់ និងចាស់ជរាចំនួន២៥០នាក់ ក្នុង១នាក់ទទួលបានក្រម៉ា១ និងក្រណាត់ស១ដុំ ក្នុងនោះផងដែរលោក វ៉ា ថន អភិបាលខេត្តក៏បានឧបត្ថម្ភថវិការដល់មនុស្សចាស់ ចំនួន២៥០នាក់ក្នុងម្នាក់២០,០០០រៀលផងដែរ៕