(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តឲ្យក្រុមហ៊ុនចំនួន២ថ្មីទៀត ឲ្យបង្កើតរោងចក្រផលិតកេសកាតុង និងផលិតស្បែកជើង សរុបទុនវិនិយោគ ៧.៥លានដុល្លារអាមេរិក និងបង្កើតការងារថ្មី ជូនប្រជាពលរដ្ឋបាន ១,៨១៦កន្លែង។
Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញានេះថា គណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖
១៖ ក្រុមហ៊ុន GIN AN PAPER CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (អតីតខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.១៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០៧កន្លែង។
២៖ ក្រុមហ៊ុន EASY LIFE SHOE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦០៩កន្លែង៕