Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាគារសម្ភពក្នុងមណ្ឌលសុខភាពអូរឬស្សី ក្រុងប៉ោយប៉ែត ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

20-09-2018 14:51

(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចូលរួមសម្ពោធដាក់ ឲ្យប្រើប្រាស់អាគារសម្ភពទំហំទទឹង ៤ម៉ែត្រ បណ្តោយ៨ម៉ែត្រ ចំណាយថវិកាជិត២ម៉ឺនដុល្លារអាមេរិក ក្នុងមណ្ឌលសុខភាពអូរឬស្សី ស្ថិតនៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល បានប្រាប់ថា ចំពោះអាគារសម្ភព និងរង់ចាំ នៃមណ្ឌលសុខភាពអូរឬស្សី ក្នុងសង្កាត់ផ្សារកណ្តាល១ខ្នងនេះ ឧបាសិកា តាន់ អ៊ូសឿម ដែលជាម្តាយបង្កើតរបស់លោកផ្ទាល់ បានឧបត្ថម្ភចំនួន ១៥,០០០ម៉ឺនដុល្លារអាមេរិក ក្នុងការសាងសង់អាគារ។

លោក សាន ស៊ានហូ បានថ្លែងថា អគារនេះ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យសុខាភិបាល ស្របតាមតម្រូវការ របស់ប្រជាជនកម្ពុជា។ លោកបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងជួយសម្រួលគ្រប់បែបយ៉ាង ដើម្បីសម្រេចបាន នូវសមិទ្ធិផលនេះ ប្រកបដោយជោគជ័យ។

ទន្ទឹមនឹងនេះ លោកបានផ្តាំផ្ញើ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ គោរពឲ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ឲ្យបានល្អជាបន្តទៀត និងសូមជួយថែទាំអាគារថ្មីឲ្យស្អាតល្អ មានអនាម័យ សោភណ្ឌភាព និងប្រើប្រាស់ឲ្យបានគង់វង្ស ស្ថិតស្ថេរយូរអងែ្វង ដើម្បីជាគុណប្រយោជន៍៕