(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា នៅឆ្នាំ២០១៩ ខាងមុខនេះ លោកនឹងសាងសង់រោងចក្រវេចខ្ចប់ និងកែច្នៃទឹកដោះគោ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែរលោក បានអញ្ជើញបើកសន្និសីទលើកទី០៩ ស្តីពី «គិមី និងជីវិត» នៅវិទ្យាស្ថានជាតិអប់រំ។ លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះ «នៅឆ្នាំ២០១៩ ខាងមុខនេះ ខ្ញុំនឹងបង្កើតរោងចក្រវេចខ្ចប់ និងកែច្នៃទឹកដោះគោ នៅខែ១២នេះ ខ្ញុំនឹងដឹកគោ២១០ក្បាល ទៅក្នុងឧទ្យានឬស្សីត្រឹប»។
លោកបណ្ឌិត សុខ ទូច បានបន្តថា មួយវិញទៀត បើប្រជាពលរដ្ឋគាត់ចង់ចឹញ្ចឹមគោ រាជបណ្ឌិត្យសភាកម្ពុជា អាចឱ្យគោទៅពួកគាត់ ដោយកាត់យកទឹកដោះគោឱ្យរួចនឹងតម្លៃគោនោះ ដែលនេះគឺធ្វើឱ្យកសិករមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំឱ្យពួកគាត់ចិញ្ចឹម តាមបែបវិទ្យាសាស្ត្រ លែងឱ្យពួកគាត់ចិញ្ចឹមតាមបែបសភាវគតិទៀតហើយ។
ប្រធានរាជបណ្ឌិត្យកម្ពុជារូបនេះ ក៏បានលើកនូវឧទាហរណ៍ថា ប្រសិនបើប្រជាពលរដ្ឋខ្មែរគាត់ចិញ្ចឹមគោចំនួន២ក្បាល ហើយក្នុងមួយក្បាលគោ របស់គាត់ផ្តល់ទឹកដោះចំនួន២០លីត្រ ដូច្នេះនៅក្នុងមួយថ្ងៃគាត់ទទួលបានទឹកដោះចំនួន៤០លីត្រ ប្រសិនបើគាត់ទូទាត់ថ្លៃចំណាយអស់ គាត់នៅសល់ប្រាក់ប្រមាណជាង១០ដុលា្លរ ឬស្មើរនឹង៤០,០០០រៀលក្នុងមួយថ្ងៃ នេះគឺជាចំណូលមធ្យមកម្រិតខ្ពស់ផងដែរ។
លោកបណ្ឌិត សុខ ទូច បានបន្ថែមទៀតថា ក៏ប៉ុន្តែមិនមែនឱ្យប្រជាពលរដ្ឋខ្មែរ នាំគ្នាទៅចិញ្ចឹមគោនៅក្នុងឧទ្យានជាតិឬស្សីត្រឹបនោះទេ គឺរាជបណ្ឌិត្យសភា ជាអ្នកដើរតួនាទីសិក្សាស្រាវជ្រាវ ដែលនេះគឺទាមទារឱ្យរាជបណ្ឌិត្យសភាត្រូវរៀបចំមុន ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្វើទៅបរាជ័យ ទើបរាជបណ្ឌិត្យសភាកម្ពុជា ដើរតួរនាទីចងក្រងឯកសារ ហើយបើប្រជាពលរដ្ឋមិនចេះអាន រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំជាវីដេអូខ្លីៗ ដើម្បីឱ្យពួកគាត់មើល និងអនុវត្តតាម អនុវត្តហើយគាត់លក់ទឹកដោះគោមកឱ្យក្រុមហ៊ុន ហើយក្រុមហ៊ុននឹងទិញទឹកដោះគោនេះ។
សូមជម្រាប តាមរយៈអនុស្សរណៈយោគយល់គ្នាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនមួយរបស់ជប៉ុន កាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅរាជបណ្ឌិត្យសភាកម្ពុជា នឹងនាំយកសត្វកម្រនានា ដូចជាត្រីដូហ្វីន ឬត្រីផ្សោតទឹកសាបដែលជិតផុតពូជនៅលើពិភពលោក ទៅចិញ្ចឹមនៅក្នុងឧទ្យាននេះ ព្រោះនៅទីនោះមានអូរមួយហៅថា អូដាលាស់ ដែលរាជបណ្ឌិត្យសភាកម្ពុជាចង់រៀបចំនៅទីនោះឱ្យទៅជា ដូហ្វីន។
រាជបណ្ឌិត្យសភាកម្ពុជា នឹងរកសត្វខ្លាដែលជិតផុតពូជ និងដំរីយកទៅអភិរក្សនៅតំបន់នេះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងប្រកាសប្រាប់ពិភពលោកថា គ្រប់ជាតិសាសន៍អាចមកទស្សនានូវអ្វីដែលជាសត្វកម្រស្ទើរតែផុតពូជ នៅឧទ្យានតេជោសែនឫស្សីត្រឹបនេះ។ ដូចនេះត្រូវបណ្តុះបណ្តាធនធានមនុស្ស ផ្នែកខាងឧទ្យាននុរក្ស ពេទ្យសត្វ ដើម្បីឱ្យថែរក្សាសត្វនៅទីនោះ៕