(ភ្នំពេញ)៖ វេទិកាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងនាំយកនូវឱកាសការងារចំនួន១៣៥២កន្លែង ជូនដល់សិស្ស/និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើនាចុងខែកញ្ញា ខាងមុខនេះហើយ។
សម្រាប់អ្នកដែលមិនទាន់មានការងារធ្វើ សូមកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ជ្រើសរើសជំនាញដែលខ្លួនឯងពេញចិត្តហើយចូលរួម ជួបជាមួយក្រុមហ៊ុនល្បីៗ ដើម្បីទទួលបាននូវឱកាសការងារ និងកម្មសិក្សាការងារនៅក្នុងវេទិកាការងារ ថ្ងៃទី២៧ ខែកញ្ញា ចាប់ពីម៉ោង៨៖០០ព្រឹកដល់ម៉ោង ៥៖០០ល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់វេទិកាការងារ នាចុងខែនេះផងដែរក៏មានការចូលសហការពីក្រុមហ៊ុន/សហគ្រាសល្បីៗចំនួន១០ រួមមានក្រុមហ៊ុន Online, ក្រុមហ៊ុន ផាកកាហ្វេ, ធនាគារ FTB, ក្រុមហ៊ុន Kong Nuon Group, ក្រុមហ៊ុន Yinkok Food Corp, ក្រុមហ៊ុន Nagaworld, ក្រុមហ៊ុន Smart,ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ូគីស៊ុប,ក្រុមហ៊ុន Markro, ក្រុមហ៊ុន GFG Investment។
បើយោងតាមការឱ្យដឹងរបស់លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានបញ្ជាក់ថា «ការរៀបចំនៅវេទិកាការងារ គឺជាការបង្កើតកន្លែងណាត់ជួបរវាងអ្នកកំពុងស្វែងរកការងារធ្វើ និងនយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱ្យមានភាពងាយស្រួល ដល់ភាគីទាំងសងខាង»។
លោក អាំង ភារៈ បានបញ្ជាក់បន្ថែមទៀតថា «ចំពោះអ្នកកំពុងស្វែងរកការងារធ្វើ នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ មានឱកាសជួបផ្ទាល់ជាមួយអ្នកតំណាងមកពីក្រុមហ៊ុន និងសហគ្រាសល្បីៗ អាចជ្រើសរើសមុខតំណែង និងជំនាញដែលខ្លួនពេញចិត្ត ទទួលបានការសម្ភាសផ្ទាល់ និងដឹងលទ្ធផលភ្លាមៗនៅនឹងកន្លែង»។
ការរៀបចំនៅវេទិកាការងារនេះផងដែរ ក៏ជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើននូវឱកាសការងារ លើកស្ទួយធនធានមនុស្ស និងកម្លាំងពលកម្មនៅក្នុងប្រទេស ឱ្យកាន់តែប្រសើរឡើងហើយស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ន។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕