(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី គន់ គីម នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ អមដំណើរដោយនាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាល និងចែកប័ណ្ណបេឡាសន្តិសុខសង្គម ជូនដល់សមាជិកអតីតយុទ្ធជន ខេត្តព្រះសីហនុ ចំនួន៦៩៦នាក់។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលាខេត្តព្រះសីហនុ។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម លើកឡើងពីការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិក បើទោះជាសម្តេចជាប់រវល់យ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយបានពីការលំបាករបស់សមាជិក សម្តេចបានណែនាំឲ្យក្រសួងជំនាញធ្វើប័ណ្ណបេឡាសន្តិសុខសង្គម ដោយឡែកថ្ងៃនេះតាមរយៈលោក សម្តេចបានផ្តាំផ្ញើសួរសុខទុក្ខដល់សមាជិកទាំងអស់គ្នា និងសូមអរគុណដែលគាំទ្រសម្តេច បោះឆ្នោតជូនសម្តេច។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ បានបញ្ចប់ទៅដោយទទួលបានលទ្ធផលយ៉ាងល្អ ក៏ពិតមែន តែការងាររបស់យើងមិនបានបញ្ចប់ទេ គឺត្រូវបន្តធ្វើទ្វេរដងថែមទៀត ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់ម្ចាស់ឆ្នោត ដែលក្នុងនោះក៏មានពួកយើង (សមាជិកអតីតយុទ្ធជន) ផងដែរ។
បើតាមលោក គន់ គីម ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ត្រូវតែខិតខំបម្រើពួកគាត់ឲ្យបានល្អ ចំពោះមុខត្រូវដោះស្រាយដីដែលសមាគមបានទទួលពី រាជរដ្ឋាភិបាលជូនទៅសមាជិកដែលខ្វះខាត១៩គ្រួសារ និងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ធ្វើផ្ទះជូននៅជំហានបន្ទាប់៕