(កូរ៉េ)៖ អ្នកតំណាងរាស្ត្រ និងជាអគ្គលេខាធិការក្រុមប្រឹក្សាវប្បធម៌អាស៊ី លោក សួស យ៉ារ៉ា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមកាងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Lee Cheol - Woo អភិបាល នៃគណៈអភិបាលខេត្តឃ្យុងសាងប៊ុកដូ។
នៅក្នុងជំនួបនេះ លោក សួស យ៉ារ៉ា បានប្រគល់ជូនលោកអភិបាលខេត្ត នូវសារលិខិតថ្លែងអំណរគុណរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លើយតបចំពោះសារលិខិតអបអរសាទរគោរព ជូនសម្តេចចំពោះជោគជ័យ នៅក្នុងការបោះឆ្នោតសភា កាលពីពេលថ្មីៗនេះ ក៏ដូចជាបានជម្រាបជូនលោកអភិបាលខេត្ត អំពីបច្ចុប្បន្នភាពកម្ពុជា ការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលមានសម្តេចតេជោ ជាប្រធានស្ថាបនិកកិត្តិយស គម្រោងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ លើកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី និងអង្គការយូណេស្គូ និងពិធីសម្ពោធដាក់ឲ្យមានដំណើរការជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌នេះ នាដើមឆ្នាំក្រោយ។
ក្នុងបរិយាកាសដ៏រីករាយ និងរាក់ទាក់ លោកអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការវប្បធម៌ជាប្រពៃណី រវាងប្រទេសទាំងពីរ ហើយដែលសម្រេចបាននូវចលនាអូឡាំពិកវប្បធម៌ ឃ្យុងយូ - អង្គរ - អ៉ីស្តង់ប៊ូល - ហូជីមិញ និងឈានដល់ដំណើរការ នៃការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីតាមរយៈ ICAPP។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ី ក៏ដូចជាចំពោះគោលគំនិតធំៗនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលគាំទ្រដល់ការអភិវឌ្ឍប្រទេស ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ការពង្រឹងនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌អាស៊ី ការជំរុញការអភិវឌ្ឍតាមបែបនវានុវត្តភាព និងផ្នែក Artificial Intelligence និងគោលការណ៍ធានាសុខដុមនីយកម្មសាសនានៅក្នុងតំបន់។
ដោយផ្អែកលើគោលការណ៍វប្បធម៌ សម្រាប់សន្តិភាព និងការអភិវឌ្ឍ លោកអភិបាលខេត្ត បានទទួលសំណើរបស់កម្ពុជា ហើយនឹងរាយការណ៍ជូនទៅរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីស្នើឲ្យមានការគាំទ្រ និងការចូលរួមនៅ ក្នុងក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ។ ភាគីទាំងពីរនឹងបន្តពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការវប្បធម៌ និងវិនិយោគលើវិស័យអាទិភាព ដូចជាកសិកម្ម ហើយក៏លើកទឹកចិត្តឲ្យមានផងដែរ នូវសម្ព័ន្ធភាពរវាងខេត្តសៀមរាប និងខេត្តឃ្យុងសាងប៊ុកដូ ឬរវាងក្រុងសៀមរាប និងក្រុងឃ្យុងយូ។
នៅព្រឹកនាថ្ងៃដដែលនេះលោក សួស យ៉ារ៉ា ក៏បានអញ្ជើញទៅធ្វើបទបង្ហាញស្តីអំពី «នយោបាយការទូតតាមរយៈវប្បធម៌ - មាគ៌ាទៅកាន់សន្តិភាព និងការបង្រួបបង្រួម» នៅសកលវិទ្យាល័យ Yeungjin University នៃទីក្រុងដេហ្គូ ដោយមានការចូលរួមពីសំណាក់សាស្ត្រាចារ្យ និងនិស្សិតសកលវិទ្យាល័យប្រមាណ២០០នាក់៕