(តាកែវ)៖ ក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បានរួមសហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបេះដូង ខេត្តយូណាននៃ សាធារណរដ្ឋប្រជាមានិតចិន ចុះពិនិត្យព្យាបាលជំងឺបេះដូង ជូនកុមាររស់ក្នុងស្រុកបាទី ខេត្តតាកែវ ជិត៥០០នាក់។
ការចុះពិនិត្យនេះត្រូវបានដឹកនាំដោយលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ វេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមជាមួយក្រុមការងាររបស់គ្រូពេទ្យនៃ មន្ទីរពេទ្យបេះដូងខេត្តយូណាននៃ សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកវេជ្ជបណ្ឌិត ទ័រ លីន ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ របស់មន្ទីរពេទ្យបេះដូងខេត្តយូណាន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
កម្មវិធីពិនិត្យសុខភាពបេះដូងនេះ ជាការអនុវត្តគម្រោងរវាង វ.ស.ស. និងមន្ទីរពេទ្យបេះដូងខេត្តយូណាន របស់ចិនដោយយោងតាម ស្មារតីនៃអនុស្សរណៈនៃ ការយោគយល់ដែលភាគីទាំង២ បានចុះហត្ថលេខាជាមួយគ្នាកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។
លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកវេជ្ជបណ្ឌិត ទ័រ លីន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃមន្ទីរពេទ្យបេះដូងខេត្តយូណាន ដែលបានមកពិនិត្យសុខភាពបេះដូងជូនកុមារកម្ពុជា ជាពិសេសកុមារគ្រួសារក្រីក្រ ដែលមិនមានលទ្ធភាពពិនិត្យព្យាបាលជំងឺ។
ក្នុងនោះដែរមានកុមារ១រូប មានជំងឺបេះដូងធ្ងន់ធ្ងរត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅព្យាបាលជំងឺបេះដូងនៅមន្ទីរពេទ្យបេះដូង ខេត្តយូណាននៅប្រទេសចិន ដោយមន្ទីរពេទ្យនឹងរ៉ាប់រងលើថ្លៃព្យាបាល, ការស្នាក់នៅ, ការហូបចុក, និងថ្លៃធ្វើដំណើរសម្រាប់អ្នកជំងឺ និងឪពុកម្តាយរបស់អ្នកជំងឺ។
សូមបញ្ជាក់ថា វ.ស.ស. បាននិងកំពុងពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូជាមួយស្ថាប័ន និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការបំពេញការងារសង្គមកិច្ច ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាជននៅមូលដ្ឋាននៅកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជួយរំលែកទុក្ខលំបាក របស់ប្រជាជន៕