(ភ្នំពេញ)៖ ក្រុមហ៊ុន អាស៊ី វេរលុយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MoU) ជាមួយសាកលវិទ្យាល័យបៀលប្រាយ ស្ដីពី ការផ្ដល់ឱកាសការងារ នៅក្រុមហ៊ុន អាស៊ី វេរលុយ និងអាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ។
កិច្ចព្រមព្រៀងនេះ គឺដើម្បីចូលរួមសកម្មភាពសង្គម ឲ្យស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងផ្ដល់ឱកាសឲ្យនិស្សិត មានលទ្ធភាពបន្តការសិក្សា នៅសាកលវិទ្យាល័យ។ ហេតុនេះហើយ ធ្វើឲ្យអាស៊ី វេរលុយ បានបង្កើតឲ្យមានកម្មវិធី អាហារូបករណ៍ដល់និស្សិត។
លោក ឈ គង់ផេង អគ្គនាយក ក្រុមហ៊ុន អាស៊ី វេរលុយ បានបញ្ជាក់ថា បានជ្រើសរើសយក សកលវិទ្យាល័យបៀលប្រាយ ជាដៃគូផ្ដល់អាហារូបករណ៍ ដល់និស្សិត ដោយសារសកលវិទ្យាល័យបៀលប្រាយ ជាសកលវិទ្យាល័យ ដែលមានកេរ្តិ៍ឈ្មោះល្អ ព្រមទាំងមានការទទួលស្គាល់ លើគុណភាពអប់រំ មានសាខាច្រើន ទាំងក្នុងរាជធានី និងបណ្ដាខេត្ត។
អគ្គនាយក ក្រុមហ៊ុន អាស៊ី វេរលុយ រូបនេះ បានបញ្ជាក់ថា «ម្យ៉ាងវិញទៀត និស្សិត នឹងទទួលបានឱកាស បម្រើការងារនៅអាស៊ី វេរលុយថែមទៀត។ ក្នុងចំណោមមុខងារជាច្រើន របស់អាស៊ីវេរលុយ ដូចជាផ្ញើប្រាក់ ដកដាក់លុយស្ទើរតែគ្រប់ទីកន្លែង នៅក្នុងប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព»។
លោក ឈ គង់ផេង បានបន្ថែមទៀតថា សព្វថ្ងៃ អាស៊ីវេរលុយ ធ្វើប្រតិបត្តិការ នៅគ្រប់ខេត្តក្រុងទាំងអស់ ដែលមានសាខាទូទាំងប្រទេសជាង ៤០សាខា មានភ្នាក់ងារជាង ២,០០០កន្លែង និងសមាជិកជាង ៥០,០០០នាក់។
គូសបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ អាស៊ី វេរលុយ បានបង្កើតសេវាកម្មថ្មី ដែលហៅកាត់ថា អាស៊ី ផេ ដែលទូទាត់សាច់ប្រាក់ តាមរយៈ ការស្កែន QR Code មិនបាច់បារម្ភពីលុយរហែក លុយក្លែងក្លាយ ពិបាកក្នុងការអាប់លុយ -ល-៕