(សៀមរាប)៖ ការងារមួយចំនួនដែលត្រូវអនុវត្តនៅប្រាសាទព្រះវិហារ ត្រូវបានគណៈកម្មាធិការសម្របសម្រួលអន្ដរជាតិសម្រាប់ការអភរិក្ស និងការលើកតម្លៃព្រះវិហារ (ICC- Preah Vihear) លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤របស់ខ្លួន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-ព្រះវិហារ ដឹកនាំដោយសហប្រធាននៃប្រទេសចិន និងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកចំនួន៦ទៀត រួមមាន៖ ប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ្តិ៍។
កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នៅឆ្នាំនេះ ផ្តោការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ចលើភ្នំប្រាសាទព្រះវិហារ ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀបចំកម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ្តិ៍ និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។
គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រៃ្ដយ៍ ICC-Preah Vihear តែងតែរៀបចំកិច្ចប្រជុំនេះ ២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ចប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែមីនា និងកិច្ចប្រជុំបច្ចេកទេសតែងរៀបចំនៅរាល់ខែកញ្ញា៕