(ភ្នំពេញ)៖ បន្ទាប់ពីមានការភាន់ច្រឡំលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានអះអាងថា ខ្លួនមិនទាន់បានឡើងវគ្គផ្ដាច់ព្រ័ត្រនោះទេ ពោលគឺត្រូវឆ្លងកាត់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi final) ដោយត្រូវជួបកីឡាការិនីជប៉ុន Orie HIDA ជាមុនសិន។ នេះបើតាមការបញ្ជាក់តាមរយៈសារទំនាក់ទំនងសង្គម នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។

ការចេញមុខអះអាងបែបនេះ ដោយសារមានការភាន់ច្រឡំមួយចំនួនថា ស្រួង ភាវី បានទទួលជ័យជម្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion-World Championship Ladies លើកទី៨ ដែលកំពុងធ្វើឡើងនៅប្រទេសទួកគី ដោយស្វ័យប្រវត្តិ និងបានឡើងចាំនៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង បន្ទាប់ពីនាងបានទម្លាក់កីឡាការិនីកូឡុំប៊ី Claudia LALINDE ត្រឹមវគ្គ ៨នាក់ចុងក្រោយកាលពីយប់មិញ។

ស្រួង ភាវី បាននិយាយថា «អត់ទេបង! ខ្ញុំអត់ទាន់បានឡើងវគ្គផ្ដាច់ព្រ័ត្រទេ គឺខ្ញុំសល់ ២ប្រកួតទៀត សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺខ្ញុំត្រូវជួបបងស្រីជប៉ុន Orie HIDA ព្រោះគាត់ក៏បានយកឈ្នះកីឡាការិនីប្រទេសដទៃឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ។ ចឹងក្រោយខ្ញុំជួបបងស្រីជប៉ុនរួច បើខ្ញុំឈ្នះអាហ្នឹងបានខ្ញុំឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលអាចកីឡាការិនីម្ចាស់ផ្ទះទួកគី ឬហូឡង់ ព្រោះពួកគាត់ក៏ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃនេះដែរ»

ដោយឡែក កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺគ្រោងចាប់ផ្ដើម នាម៉ោង ១១ព្រឹក (ត្រូវនឹងម៉ោង ៣រសៀលនៅកម្ពុជា) ដោយកីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី ត្រូវជួបកីឡាការិនីជប៉ុន Orie HIDA គ្រាដែលអ្នកទាំងពីរ បានជួបគ្នាក្នុងពូលម្ដងរួចមកហើយ ដោយជ័យជម្នះបានមកកីឡាការិនី ស្រួង ភាវី ជាមួយលទ្ធផល ២៥-២៤ពិន្ទុ។ ដូច្នេះក្រោយរកឃើញបេក្ខភាពឡើងវគ្គផ្ដាច់ព្រ័ត្រ ទើបចាប់ផ្ដើមការប្រកួតដណ្ដើមមេដាយមាស នៅម៉ោង ៥ល្ងាចនេះ(ត្រូវនឹងម៉ោង ៩យប់នៅកម្ពុជា)។ ភាវី បញ្ជាក់បន្ថែម។

សូមរំឭកថា នេះគឺជាលើកទី១ ដែលកីឡាការិនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា បន្ទាប់ពីកម្ពុជា បានបង្កើតឲ្យមានសហព័ន្ធកីឡាឃ្នូកឃ័រ និងប៊ីយ៉ាផ្លូវការកាលពីពេលថ្មីៗ ។ ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះឡើយ ពោលគឺ ភាវី ធ្លាប់ដណ្ដើមបានជើងឯករងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកពិភពលោក នៅអាមេរិក ក៏ដូចជាការដណ្ដើមជើងឯកពានរង្វាន់អន្ដរជាតិផ្សេងៗជាច្រើនទៀត៕