(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ស្វីស (SDP) ដើម្បីអនុវត្តឱ្យកាន់តែប្រសើរឡើង នូវគម្រោងបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋនៅខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលជនគោលដៅសំខាន់ៗសម្រាប់គម្រោងនេះ គឺពលរដ្ឋក្រីក្រ ងាយរងគ្រោះ សិក្សាបានតិចតួច បញ្ឈប់ការសិក្សានៅក្រោមថ្នាក់ទី៩ ឬគ្មានការងារធ្វើជាដើម។
ការចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងដោយលោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ ជាមួយលោក ម៉ៃឃើល ម៉េកហូល-ជីន ប្រធានក្រុមកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ដែលពិធីនេះផងដែរត្រូវបានធ្វើឡើងនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។
លោក ពេជ សោភ័ន បានឱ្យដឹងថា ក្នុងជំហ៊ានដំបូងនៃកម្មវិធីអភិវឌ្ឍន៍ជំនាញនេះ មានចំនួន៦ជំនាញសំខាន់ៗ រួមមាន៖ ជួសជុលម៉ាស៊ីនធន់តូច ជួសជុលម៉ូតូ តបណ្ដាញអគ្គិសនី ជាងកំបោរ សម្អាងការ និងកាត់ដេរសម្លៀកបំពាក់ ដែលការបណ្ដុះបណ្ដាលសុទ្ធតែផ្សារភ្ជាប់ទ្រឹស្ដី ទៅនឹងការអនុវត្តផ្ទាល់នៅតាមការដ្ឋានជាក់ស្ដែង ដូចជានៅតាមរោងចក្រ សហគ្រាស មជ្ឈមណ្ឌលឧស្សាហកម្មជាដើម។
លោករដ្ឋលេខាធិការបានបន្តថា កិច្ចសហប្រតិបត្តិការលើការអនុវត្តកម្មវិធីដ៏សំខាន់នេះ គឺស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋនូវជំនាញវិជ្ជាជីវៈច្បាស់លាស់ ទទួលបានការងារធ្វើ និងប្រាក់ចំណូលសមរម្យ សំដៅធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ។
ក្នុងពេលអនាគតឆាប់ៗខាងមុខ លោក ពេជ សោភ័ន ចង់ឱ្យសកម្មភាពបណ្ដុះបណ្ដាលជំនាញនេះ រីកសាយភាយកាន់តែទូលំទូលាយក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទីក្រុងទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។
លោក ម៉ៃឃើល បានលើកឡើងថា មូលហេតុសំខាន់របស់ស្វីសពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នេះ គឺចង់រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់នូវជំនាញដល់យុវជនងាយរងគ្រោះក្នុងខេត្តទាំងបីខាងលើ ដើម្បីឱ្យពួកគេទទួលបានការងារ បង្កើនប្រាក់ចំណូល ហើយក៏ដើម្បីរួមចំណែកក្នុងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជាផងដែរ។
ជាការកត់សម្គាល់របស់ SDP យុវជនកម្ពុជានៅខ្វះខាតនូវជំនាញការងារក្នុងវិស័យឧស្សាហកម្ម វិស័យទេសចរណ៍ជាដើម រីឯយុវជនមួយចំនួនទៀតមានជំនាញគ្រប់គ្រាន់ហើយ តែគ្មានការទទួលស្គាល់ពីផ្នែកណាមួយ សម្រាប់យកធ្វើជាសំអាងនៅចំពោះថៅកែ ឬនិយោជក ដែលជាហេតុខកខានដល់ការទទួលបានការងារសមរម្យ។
ប្រធាន SDP រូបនេះ បានបញ្ជាក់ទៀតថា នៅពេលសិក្ខាកាមបញ្ចប់ការសិក្សាជំនាញហើយ SDP ក៏មានកម្មវិធីពិសេសមួយទៀតផងដែរ ដើម្បីឱ្យសិក្ខាកាមដែលបញ្ចប់ការសិក្សាទាំងនោះទទួលបានការងារធ្វើសមរម្យ ដូចជាការជួយស្វែងរកការងារជូនពួកគេ ហើយប្រសិនបើពួកគេចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន SDP ក៏នឹងជួយជ្រោមជ្រែងដល់ពួកគេផងដែរ។ មួយវិញទៀត SDP ក៏ជួយផ្គូរផ្គង់រវាងអ្នកមានជំនាញ ទៅនឹងសេចក្ដីត្រូវការរបស់និយោជកថែមទៀតផង។
សូមជម្រាបថា កម្មវិធីអភិវឌ្ឍន៍ជំនាញ SDP នេះបានអនុវត្តនៅកម្ពុជាជាបណ្ដើរៗមកហើយ ចាប់តាំងពីឆ្នាំ២០១៦-២០២០ ដែលមានគោលដៅបណ្ដុះបណ្ដាលប្រជាពលរដ្ឋឱ្យមាន ៥,៤០០នាក់ ហើយមកដល់ឆ្នាំ២០១៨នេះ គម្រោងបានផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋ ប្រហែលជិតពាក់កណ្ដាលហើយ៕