(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន គឺជាឥស្សរជនមួយរូប ដែលទទួលបានការទុកចិត្តពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជ្រើសរើសមកឲ្យគ្រប់គ្រងក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងអាណត្តិទី៥។ រដ្ឋមន្ត្រីដែលបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅប្រទេសរុស្ស៉ី បានធ្វើឲ្យមានភាពលេចធ្លោយ៉ាងខ្លាំងលើស្នាដៃកំណែទម្រង់លើការអប់រំ ជាពិសេសកំណែទម្រង់ប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបនោះ។
ស្នាដៃលេចធ្លោរបស់លោករយៈពេល៥ឆ្នាំកន្លងទៅ មានដូចជា ការធ្វើឲ្យការប្រលងបាក់មានភាពសុក្រឹត្យត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានការបើកមើលសំណៅឯកសារ គ្មានការលួចចម្លង ក្រោមទិសស្លោក «អ្នកចេះគឺជាប់»។ ក្រៅពីនោះលោករដ្ឋមន្ត្រី បានជំរុញឲ្យមានការអានតាមរយៈបង្កើតកម្មវិធីប្រកួតអំណាន បង្កើតកម្មវិធីប្រកួតប្រជែងសាលារៀនល្អ នាយកល្អ និងគ្រូល្អជាដើមអ។ ក្នុងនោះកម្មវិធីអប់រំតាំងពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក៏មានការកែសម្រួលយ៉ាងច្រើនផងដែរ ដើម្បីធានាបាននូវគុណភាពអប់រំដ៏ល្អប្រសើរ។
តាមរយៈស្នាលេចធ្លោធំៗដែលបានរៀបរាប់ ក៏ដូចជា ស្នាដៃកំណែទម្រង់នៅក្នុងក្រសួង និងការអប់រំជាច្រើនដែលមិនអាចរៀបរាប់អស់នោះ លោក ហង់ ជួនណារ៉ុន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តឲ្យបន្តគ្រប់គ្រង់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាវិស័យដ៏អាទិភាពមួយរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិថ្មីនេះបន្តទៅទៀត។
គ្រាន់តែបើកឆាកលើភារកិច្ចចាស់ ក្នុងអាណត្តិថ្មីនេះភ្លាមៗរឿងធំៗចំនួនពីរ បានកើតឡើងជាបន្តបន្ទាប់ ដែលបង្កការស្មុគស្មាញ និងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោកខ្លះៗផងដែរ។ រឿងធំទាំងពីរដែលគេអាចចាត់ទុកថា ជាការសាកល្បងសមត្ថភាពគ្រប់គ្រង និងការដោះស្រាយរបស់លោក ហង់ ជួនណារ៉ុន រួមមាន៖ ការបូកសរុបលទ្ធផលប្រលងបាក់ឌុប មានបញ្ហាបច្ចេកទេសកម្មវិធីកុំព្យូទ័រ នាំឲ្យបាត់សិស្សនិទ្ទេស A ជិត ២០០នាក់ និងធ្លាក់រហូតដល់ទៅជិត១ពាន់នាក់។ តែក្រោយការតវ៉ារបស់សិស្សដំណោះស្រាយបន្ទាន់ត្រូវបានដាក់ចេញ ហើយបញ្ហាក៏ត្រូវបានរកឃើញ និងកែសម្រួលបញ្ហាបានទាន់វេលាមិនធ្វើឲ្យសិស្សណាម្នាក់ ត្រូវជួបការខកចិត្ត ឬបង្កើតជាវិប្បដិសារីនោះដែរ។
បន្ទាប់ពីបញ្ហាបូកពិន្ទុនេះមិនទាន់ទាំងបានប៉ុន្មានផង បានចូលមកដល់បញ្ហាថ្មីមួយ គឺការដោះដូរនាយកសាលាព្រះស៊ីសុវត្ថិ។ ក្រោយសេចក្តីសម្រេចដោះដូរលោក ស៊ុយ ហេង ពីនាយកសាលា ទៅបម្រើការងារនៅនាយកដ្ឋានធម្យមសិក្សាចំណេះដឹងទូទៅធ្លាក់ចុះមកមិនបានប៉ុន្មានផង នាំឲ្យគ្រូៗ និងសិស្សៗនៅសាលាព្រះស៊ីសុវត្ថិជាច្រើនរូប បានចេញមកតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រសួង។
បញ្ហានេះក៏បង្កើតជាបញ្ហាស្មុគស្មាញខ្លាំងណាស់ដែរសម្រាប់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន។ ការដែលចង់ផ្លាស់ប្តូរនាយកសាលាព្រះស៊ីសុវត្ថិនេះចេញ ដោយសារក្រសួងបានមើលឃើញនូវភាពអសកម្មក្នុងការដឹកនាំជាច្រើនរបស់លោកនាយកសាលា ហើយបានទុកកាសឲ្យធ្វើការផ្លាស់ប្តូរជាច្រើនឆ្នាំមកហើយដែរ តែលោកនាយកសាលា ស៊ុយ ហេង មិនបានកែប្រែ។
ទង្វើល្អមួយចំនួនរបស់លោក ស៊ុយ ហេង ធ្វើចំពោះមុខលោកគ្រូ អ្នកគ្រូ និងសិស្សៗ បានក្លាយទៅរណាំងបាំងបិទយ៉ាងធំចំពោះភាពអសកម្មរបស់លោក ហើយធ្វើឲ្យគ្រូៗ និងសិស្ស ដែលមិនដឹងអំពីរឿងរ៉ាវពិតនៅក្រោយសកម្មភាពប្រចាំថ្ងៃរបស់លោក ស៊ុយ ហេង ចេញមកប្រឆាំងនូវសម្រេចចិត្តរបស់លោករដ្ឋមន្ត្រី ដែលចង់ធ្វើឲ្យប្រសើរឡើងនូវស្ថានភាពអប់រំនៅក្នុងសាលាព្រះស៊ីសុវត្ថិទៅវិញ។
ដើម្បីដោះស្រាយបាតុភាពតវ៉ាប្រឆាំងការដោះដូរនាយកសាលានេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ហង់ ជួនណារ៉ុន បានចុះទៅជួបដោយផ្ទាល់ជាមួយគ្រូនៅសាលាព្រះស៊ីសុវត្ថិ ហើយបានធ្វើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យផ្តល់សិទ្ធិឲ្យគ្រូសម្រេចចិត្តលើការដោះដូរនាយកសាលានេះថែមទៀតផង។ ដោយដាក់លក្ខខណ្ឌចំនួនពីរ លក្ខខណ្ឌទី១៖ ព្រមប្តូរនាយកសាលា និងលក្ខខណ្ឌទី២៖ មិនប្តូរនាយកសាលា តែលោក ស៊ុយ ហេង ត្រូវសងថវិកាដែលជំពាក់រដ្ឋ ហើយត្រូវប្រឈមមុខនឹងច្បាប់ថែមទៀតផង។
បើទោះបីលក្ខខណ្ឌទី២ហាក់មានទម្ងន់សង្កត់ខ្លាំងយ៉ាងណាក្តី តែក្នុងចំណោមគ្រូៗសរុប ១៥១រូប គឺ៥៤រូប គាំទ្រលក្ខខណ្ឌទី១ ហើយ ៩៧រូបផ្សេងទៀត គាំទ្រលក្ខខណ្ឌទី២។ ដូច្នេះសំឡេងភាគច្រើនមិនអនុញ្ញាតឲ្យប្តូរនាយកសាលានោះទេ។ ក្រោយក្តីសម្រេចនេះភ្លាមលោករដ្ឋមន្ត្រីអប់រំ មិនទាន់សម្រេច និងអារកាត់យ៉ាងម៉េចទាំងអស់ ហើយឲ្យអ្នកព័ត៌មានរង់ចាំតាមដានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងជំនួសវិញ។ ការពន្យារនូវសេចក្តីសម្រេចនេះ ក៏ព្រោះតែការធ្វើប្រជាមតិ ទទួលបានលទ្ធផលផ្ទុយពីការចង់បានរបស់ក្រសួង។
រឿងមួយនេះមិនមែនជារឿងតូចតាចនោះឡើយ ហើយក៏ប្រហែលតែទើបកើតមានជាលើកដំបូងផងដែរសម្រាប់លោក ហង់ ជួនណារ៉ុន ក្រោយឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងអប់រំ។ គេនៅចាំមើលថា តើលោក ហង់ ជួនណារ៉ុន នឹងធ្វើសេចក្តីសម្រេចបែបណាចំពោះមុខបញ្ហានេះ ព្រោះថា បើមិនប្តូរធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអប់រំ និងការធ្វើកំណែទម្រង់អប់រំនៅក្នុងសាលាព្រះស៊ីសវុត្ថិ ហើយបើប្តូរនឹងធ្វើឲ្យប៉ះពាល់ទឹកចិត្តគ្រូដែលមានស្វាមីភក្តិចំពោះលោកនាយកសាលា។
ដូច្នេះយើងអាចនិយាយបានថា បញ្ហាទាំងពីរដែលកើតឡើងជាបន្តបន្ទាប់នេះ គឺជាសាកល្បងសមត្ថភាពដំណោះស្រាយរបស់លោករដ្ឋមន្ត្រី។ បញ្ហាទី១ដោះស្រាយរួចហើយ ចុះបញ្ហាទី២ តើលោករដ្ឋមន្ត្រីសម្រេចតាមភាពជឿជាក់របស់ខ្លួនដូរមនុស្សអសកម្មធ្វើឲ្យប្រសើរការអប់រំ ឬត្រូវសម្រេចតាមបេះដូងមនោសញ្ចេតនារបស់គ្រូៗទុកឲ្យការអប់រំនៅក្នុងសាលាបន្តជួបបញ្ហា?