(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសបង្ក្រាបរាល់ក្លឹបកំសាន្ដណា ដែលពាក់ព័ន្ធករណីគ្រឿងញៀន ដោយមិនខ្វល់ថា ក្លឹបកំសាន្ដនោះជារបស់អ្នកមានលុយ ឬមានអំណាណាទាំងអស់។
នាយឧត្តមសេនីយ៍អគ្គស្នងរងរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងករណីចុះបង្ក្រាបនៅទីតាំងក្លឹបកំសាន្ដ ដែលពាក់ព័ន្ធករណីគ្រឿងញៀនហើយ មាននរណាម្នាក់មករារាំង ឬអន្ដរាគមន៍ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការអត់ឱន។
ក្នុងកិច្ចប្រជុំលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការចុះពិនិត្យ ក្នុងក្លឹប និងកន្លែងសប្បាយភាពនានាពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ យើងដាច់ខាតត្រូវតែអនុវត្តការងារនេះឲ្យបានល្អ ហើយបើមាននរណាមករារាំងយើងអនុវត្តតាមច្បាប់»។
បន្ថែមពីនេះ នាយឧត្តមសេនីយម៉ក់ ជីតូ ក៏បានជំរុញឲ្យសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តការងាររហូតឈានដល់ការបង្ក្រាបជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញឲ្យឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋ រហូតដល់ព្រះសង្ឃ។
ស្រដៀងគ្នានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុគស្មាញ និងតំបន់ដែលមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។
លោកអភិបាលរាជធានីភ្នំពេញ បានបន្ដថា បទល្មើសនានា គឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះ ហើយបើកម្លាំងមានសមត្ថកិច្ចមិនបង្ក្រាបគ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀត ក៏ត្រូវបានកាត់បន្ថយធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាពដែរ៕