(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានរដ្ឋបាលព្រៃឈើ និងអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម ចំនួន២រូប ដែលទើបត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
លោករដ្ឋមន្រ្តី វេង សាខុន សូមចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំ២រូប ដែលទើបត្រូវបានតែងតាំងទី១៖ លោក កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងទី២៖ លោក ងិន ឆាយ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។
ឆ្លៀតយកឱកាសនោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា លោកទាំង២រូបនេះ ជាសមាសភាពថ្នាក់ដឹកនាំថ្មី ដែលជាកម្លាំងថ្មី មានទាំងចំណេះដឹង និងបទពិសោធន៍ ក្នុងការដឹកនាំការងារ ជូនក្រសួង និងមូលដ្ឋានកន្លង បានល្អប្រសើរ។
ក្នុងគោលបំណង ធ្វើឲ្យសម្រេចបាននូវនយោបាយកំណែទម្រង់ របស់រាជរដ្ឋាភិបាល និងទទួលបានជោគជ័យ តាមផែនការយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩-២០២៣ របស់ក្រសួង ប្រតិភូត្រូវចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ អនុវត្តនូវចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
ទី១៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានពេញលេញ ដោយត្រូវធ្វើសកម្ម ឲ្យបានកាន់តែប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងមានប្រសិទ្ធភាពជាងមុន ដើម្បីឲ្យប្រជាជនគ្រប់រូប បានទទួលផលប្រយោជន៍ពីរាជរដ្ឋាភិបាល បានច្រើនជាងមុន។
ទី២៖ អនុវត្តផែនការជាយុទ្ធសាស្រ្ត និងគោលនយោបាលរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួង ក៏ដូចជាការអនុវត្ត ឲ្យបានពេញលេញនូវលិខិតបទដ្ឋានគតិយុត្ត និងលក្ខន្តិកមន្រ្តីរាជការស៊ីវិល។
ទី៣៖ ខិតខំស្រាវជ្រាវ និងរៀបចំ ការធ្វើទំនើបកម្មកសិកម្ម ប្រកបដោយភពវៃឆ្លាត បរិយាបនធន់ នឹងការប្រែប្រួលអាកាសធាតុ មានមាននវានុវត្តន៍ និងមានឧត្តមភាព ក្នុងការប្រកួតប្រជែង។
ទី៤៖ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរប្រយោជន៍ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ (សមូលហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ)។
ទី៥៖ ត្រូវប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈ មន្រ្តីរាជការដែលជាអ្នកផ្តល់សេវាសាធារណៈ និងជាអ្នកផ្ទេរចំណេះដឹង ដល់កសិករប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៦៖ ត្រូវបន្តផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ ហើយនឹងសហគមន៍ព្រៃឈើ។
ទី៧៖ ជំរុញ និងលើកទឹកចិត្តវិស័យឯកជន និងកសាងភាពជាដៃគូ ក្នុងការចូលរួមក្នុងការអភិវឌ្ឍ ផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យកសិម្ម រួមជាមួយការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជ ជីនិងថ្នាំកសិកម្ម ការកែច្នៃវិចខ្ចប់ និងជំរុញទីផ្សារក្នុងស្រុក និងនាំចេញ៕