(ភ្នំពេញ)៖ ស្របពេលដែលនៅរាជធានីភ្នំពេញ ក៏ដូចជា នៅទូទាំងប្រទេសកម្ពុជា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុកស្មាញនូវឡើយនោះ សមត្ថកិច្ចគ្រប់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ ដោយបានដាក់ចេញជាផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ។
ជាក់ស្តែងសម្រាប់ពេលនេះ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ អាជ្ញាធរមានសមត្ថកិច្ចចម្រុះ នឹងចុះត្រួតពិនិត្យលើបញ្ហាជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែងសប្បាយភាពប្រមាណ១០ទីតាំង នៅក្នុងរាជធានីភ្នំពេញ ខណៈដែលទីតាំងទាំងនោះ សមត្ថកិច្ច និងអាជ្ញាធរចូលមិនទាន់ដល់នូវឡើយនោះ។
នេះបើតាមការលើកឡើងរបស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងញៀន ក្នុងកិច្ចប្រជុំពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងញៀន នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។
នាយឧត្តមសេនីយមាស វិរិទ្ធ បានបញ្ជាក់ថា ការបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យកាន់តែល្អប្រសើរទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សាបរិស្ថានសន្តិសុខ ឲ្យបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ មាស វិរិទ្ធ ក៏បានស្នើឲ្យសមត្ថកិច្ចនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដោយហេតុថាគ្រឿងញៀនវាបានហូរ ទៅដល់មូលដ្ឋានភូមិទៅហើយ។ ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលយើងមិនទាន់ចូលទៅដល់ ពិសេសក្លឹបកំសាន្ត និងទីកន្លែងសប្បាយភាព ដោយយើងបានកំណាត់ទីតាំងចំនួន១០កន្លែងរួចហើយដើម្បីធ្វើការងារនេះ និងបានដាក់ទៅឲ្យអាជ្ញាធរ ខណ្ឌ សង្កាត់ តែបើធ្វើមិនបានត្រូវរាយការណ៍មកអាជ្ញាធររាជធានី ដើម្បីចាត់តាំងអនុវត្តការងារនេះបន្ត។
លោកបន្តថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើសណាស់ ដូច្នេះត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយក៏នឹងធ្វើការបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំងផ្ទះសំណាក់ និងខុនដូរ។ ការចាប់ពិនិត្យមើលទឹកនោម ចំពោះប្រើប្រាស់ថ្នាំគ្រវី នៅតាមក្លឹប ដែលការងារនេះភ្នំពេញ ត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានៅកន្លែងណាអាជ្ញាធរនៅទីនោះ ជាអ្នកទទួលខុសត្រូវ ហើយបើទីតាំងណាធ្វើខុសពីការណែនាំ សមត្ថកិច្ចមានសិទ្ធិក្នុងការបិទទីតាំងនោះតែម្តង។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជម្រុញឲ្យសង្កាត់ ខណ្ឌទាំង១២ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃឲ្យបានល្អ។ លោកបន្តថា ប្រទេសកម្ពុជារីកចម្រើន គឺពឹងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើម៉េចឲ្យប្រទេសកម្ពុជារីកចម្រើន ជឿនលឿនទៅបាននោះ ។
លោកបន្តថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុគស្មាញ និងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ រឿងអ្វីក៏យើងអាចធ្វើបានដែរ សំខាន់ឲ្យតែយើងតាំងចិត្តធ្វើ។ បទល្មើសនានា គឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះឯង បើបង្ក្រាបគ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀត ក៏ត្រូវបានកាត់បន្ថយធ្វើឲ្យភូមិសង្កាត់មានសុវត្ថិភាពដែរ។
លោក ឃួង ស្រេង បន្ថែមថា ជាទិសដៅខាងមុខនេះក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន ខណៈមកដល់ម៉ោងនេះ គឺដល់ពេលដែលត្រូវបម្រើប្រជាពលរដ្ឋឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពហើយ៕