(ភ្នំពេញ)៖ ដល់ពេលវេលាដែលកំណត់ដោយក្រសួងមហាផ្ទៃនោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅតាមបណ្ដាអង្គភាពចំណុះ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្នងការដ្ឋាននគរបាលខេត្ត នៅទូទាំងប្រទេស ចាប់ផ្ដើមលក់ពាក្យចូលប្រឡងជ្រើសរើស មន្ដ្រីនគរបាលជាតិ ក្របខ័ណ្ឌឆ្នាំ២០១៨ ជូនដល់សាធារណជន ដែលមានបំណងចង់ចូលប្រឡងប្រជែង ដើម្បីក្លាយជាមន្ដ្រីនគរបាល។
ដោយឡែក សម្រាប់ចំនួនដែលត្រូវបានជ្រើសរើសវិញនោះ ក៏កំណត់ចំនួនផ្សេងៗពីគ្នាទៅតាមអង្គភាពនីមួយៗ ដែលចេញដោយក្រសួងមហាផ្ទៃ ពោលបើនៅស្នងការដ្ឋាននគរបាលខេត្ត មានជ្រើសរើសឲ្យចូលបម្រើការនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល, អធិការដ្ឋាននគរបាលក្រុងស្រុក និងការិយាល័យជំនាញ។
លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទ មានសញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ ពុំធ្លាប់មានទោស, សុខភាពល្អ កាយសម្បទាមាំមួន (គ្មានស្នាមរបួស ឬជំងឺប្រចាំកាយ), កម្ពស់បុរស ១.៦៥ម៉ែត្រឡើង មានទម្ងន់ពី ៥៥ដល់៦៥គីឡូក្រាម, កម្ពស់នារី ១.៥៥ម៉ែត្រឡើង ទម្ងន់ពី៤៥ ដល់៥៥គីឡូក្រាម, កម្រិតវប្បធម៌ មានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្នើឡើង, អាយុចាប់ពី១៨ ដល់២៥ឆ្នាំ សម្រាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអាយុ៣០ឆ្នាំចុះ សម្រាប់សញ្ញាបរិញ្ញាបត្រ។
ជាក់ស្ដែង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នងការដ្ឋាននគរបាលខេត្ដក្រចេះ ក៏កំពុងមមាញឹកក្នុងការផ្ដល់ពាក្យដល់បេក្ខជន ដែលមានបំណងចង់ចូលប្រឡងជ្រើសរើសមន្ដ្រីនគរបាលជាតិនេះផងដែរ៕