(ភ្នំពេញ)៖ សាកលវិទ្យាល័យន័រតុន (NORTON University) បានប្រគល់សញ្ញាបត្រដល់និស្សិតគ្រប់ជំនាញប្រមាណជាង៦០០នាក់ ដែលបានបញ្ចប់ថ្នាក់សិក្សាមូលដ្ឋាននាឆ្នាំ២០១៦-២០១៧កន្លងទៅ ដែលកម្មវិធីធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់និស្សិតបានបញ្ចប់នូវវគ្គដំបូងមួយនេះ។

ពិធី «ប្រគល់សញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន» របស់សាកលវិទ្យាល័យន័រតុន (NORTON University) ធ្វើឡើងនាថ្ងៃ១០កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលមានការចូលរួមពី លោក សួន សុខកឿន ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន NU, លោកបណ្ឌិត គី វិសុទ្ធសម្បត្តិ អនុប្រធានផ្នែកវិស្វកម្មសំណងស៊ីវិល និងលោកបណ្ឌិត អ៊ុង វ៉ាន់ធឿន រួមនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាច្រើនរូបទៀត។

នាឱកាសនោះ លោក សួន សុខកឿន ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (NU) បានបង្ហាញក្តីរីករាយដល់និស្សិតដែលបានបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានប្រមាណជាង៦០០នាក់នៃសាកលវិទ្យាល័យន័រតុន លោកក៏បានក្រើនរម្លឹកដល់និស្សិតទាំងអស់ឲ្យខិតខំប្រឹងប្រែងសិក្សាជំនាញរបស់ខ្លួនបន្តទៀត ដើម្បីឈោងចាប់ឱកាសថ្មីៗនៅកៀកខ្លួនបំផុត។

សាកលវិទ្យាល័យន័រតុន (NORTON University) ត្រូវបានមហាជនរួមនិងនិស្សិតទាំងក្នុង និងក្រៅប្រទេស ទទួលស្គាល់ថា ជាសាកលវិទ្យាល័យឈានមុនគេមួយនៅកម្ពុជា ជាពិសេសគុណភាពនៃការសិក្សា ដែលមានបណ្តុះបណ្តាលនិស្សិតនូវគ្រប់ជំនាញ។

និស្សិតឈ្មោះ ខាន កក្កដា មានវ័យ២១ឆ្នាំ បានលើកឡើងថា ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានមានសារៈសំខាន់ណាស់ ក៏ព្រោះថាវាបានផ្ដល់សារៈប្រយោជន៍ជាច្រើនទាំងភាសាបរទេស និងថ្នាក់សិក្សាផ្នែកកុំព្យូទ័រជាដើម រួមនឹងមុខវិជ្ជាជាច្រើនទៀតផងដែរ។

កក្កដា បន្តថា «ការបញ្ចប់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានរិតតែសំខាន់ជាងនេះទៀតនោះគឺជាពិសេស អាចយកទៅធ្វើការងារបានច្រើន ពិសេសប្រឡងក្នុងក្របខណ្ឌរដ្ឋផងដែរ»

ចំណែកឯនិស្សិតម្នាក់ទៀតមានឈ្មោះថា និស្សិត ម៉ា សេងលាង សិក្សាផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យន័រតុន បានឲ្យដឹងថា សញ្ញាបត្រថ្នាក់មូលដ្ឋានពិតជាមានសារៈសំខាន់សម្រាប់និស្សិតសម្រាប់សញ្ញា ព្រោះមុននឹងឈានចូលថ្នាក់ឆ្នាំសិក្សាបន្ទាប់ រូបកញ្ញា និងនិស្សិតរួមជំនាន់ត្រូវតែមានសញ្ញាបត្រ ប្រភេទនេះជាមុនសិន។

កញ្ញា សេងលាង បន្តថា «សញ្ញាបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មានសារៈសំខាន់ជាច្រើនទៀត ជាពិសេសនៅពេលដែលយើងចង់ធ្វើការងារក្រៅម៉ោង យើងអាចយកវាទៅបង្ហាញ​ ឬជាឯកសារយោងជូនដល់ម្ចាស់ក្រុមហ៊ុន ឬស្ថាប័នណា ដែលចង់បាន និងសម្រាប់ធ្វើជាភស្តុតាងមួយថា យើងបានបញ្ចប់ថ្នាក់ឆ្នាំសិក្សាមួយនេះ»