(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់មន្ត្រីសុខាភិបាល នៅទីស្តីការក្រសួង។ ការផ្សព្វផ្សាយនេះ មានគោលបំណងឲ្យមន្ត្រីសុខាភិបាលទាំងអស់ យល់ឲ្យច្បាស់ពីគោលដៅ នៃយុទ្ធសាស្ត្រចតុកោដំណាក់កាលទី៤ ដើម្បីត្រៀមខ្លួនក្នុងការអភិវឌ្ឍវិស័យនេះ ឲ្យបានល្អប្រសើរ ក្នុងអាណត្តិទី៦ នៃរដ្ឋសភានេះ។
រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា៣ដំណាក់កាលរួចមកហើយ ដែលនាំឲ្យកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរ មុខមាត់គួរជាទីមោទនៈបំផុត។ មុំទី៣ នៃចតុកោណទី១ បាននិយាយអំពី ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ហើយក្រសួងសុខាភិបាល បានធ្វើការងារនេះ ប្រកបដោយប្រសិទ្ធិភាពបំផុត។
លោក ម៉ម ប៊ុនហេង បានថ្លែងថា ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ គឺសំដៅលើកកម្ពស់សុខភាពប្រជាជន និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍភាពសង្គម ប្រកបដោយចីរភាព។ លោកថា ជាលទ្ធផលក្នុងកិច្ចការនេះ រាជរដ្ឋាភិបាល បានសម្រេចគោលដៅសហស្សវត្ស ក្នុងការកាត់បន្ថយអាត្រាមណភាពមាតា ទារក និងកុមារ ការកាត់បន្ថយការឈឺ និងស្លាប់ដោយសារជំងឺឆ្លង ដូចជា ជំងឺអេដស៍ គ្រុនចាញ់ និងរបេង និងការលុបបំបាត់ជំងឺកញ្ជ្រិល ទាំងស្រុងនៅឆ្នាំ២០១៦។
លោករំឭកថា ទន្ទឹមនឹងនេះ អាយុកាលសង្ឃឹមរស់ ជាមធ្យមរបស់ប្រជាជនបានកើនឡើងពី ៥៦,៧ឆ្នាំ នៅឆ្នាំ១៩៩៨ ដល់៧០,៦ឆ្នាំ នៅឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា ចំណាយប្រាក់ចេញពីហោប៉ៅរបស់ប្រជាជន លើការថែទាំងសុខភាព ពិសេសប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ត្រូវបានកាត់បន្ថយដោយសារ ការពង្រីកការគ្របដណ្តប់ នៃប្រព័ន្ធគាំពារសង្គម មានជាអាទិ៍ មូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រជាជនក្រីក្រ និងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព កាន់តែទូលាយដល់ប្រជាជនជាង ៣លាននាក់។ លោកបន្តថា វឌ្ឍនភាពនេះ បានធ្វើឲ្យគ្រួសារដែលជួបភយន្តរាយ នៃចំណាយលើការថែទាំសុខភាពថយចុះពី ៨,៨ភាគរយ នៃចំនួនគ្រួសារសរុបក្នុងឆ្នាំ២០០៩ មកត្រឹម ៣,៧ភាគរយ នៅឆ្នាំ២០១៦ និងគ្រួសារធ្លាក់ខ្លួនក្រ ដោយសារភយន្តរាយ នៃចំណាយលើការថែទាំសុខភាព បានថយចុះពី ៥,៧ភាគរយ មកត្រឹម ១,៦ភាគរយ ក្នុងអំឡុងពេលដូចគ្នា។
លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា ទោះបីជា រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលធំៗ ដូចខាងលើក្តី ក៏កម្ពុជា នៅតែជួបបញ្ហាមួយចំនួន រួមមាន៖ សេវាថែទាំសុខភាពបឋមនៅមិនទាន់ឆ្លើយតប បានពេញលេញ និងទាន់ពេលវេលា, គុណភាពនៃការផ្តល់សេវាថែទាំ និងព្យាបាល នៅមានកម្រិត, ចំនួនគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល តាមប្រភេទជំនាញ នៅពុំទាន់គ្រប់គ្រាន់ តាមនិយាមនៅឡើយ។
បើតាមលោករដ្ឋមន្ត្រី ប្រព័ន្ធធានារ៉ាប់រងសុខភាព មិនទាន់គ្របដណ្តប់សម្រាប់ទាំងអស់គ្នា។ ការយល់ដឹងពីការប្រើប្រាស់ឱសថ ថ្នាំជក់ គ្រឿងស្រវឹង និងការយល់ដឹងពីអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅមានកម្រិត ហើយមរណភាពមាតា ទារក និងកុមារ និងកង្វះ អាហារូបត្ថម្ភរបស់ស្រ្តី ទារក និងកុមារ ក្នុងចំណោមគ្រួសារក្រីក្រ នៅតំបន់ជនបទ នៅតែជាបញ្ហាប្រឈម៕